២៦
ពាក្យ​ទូលអង្វរ​របស់​មនុស្ស​សុចរិត
ទំនុក​របស់​ស្ដេច​ដាវីឌ។
១ ឱ​ព្រះអម្ចាស់​អើយ
សូម​រក​យុត្តិធម៌​អោយ​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ!
ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់
ដោយ​ឥត​សង្ស័យ​ឡើយ។
២ ឱ​ព្រះអម្ចាស់​អើយ សូម​ស្ទង់
និង​ល្បង​មើល​ចិត្ត​ទូលបង្គំ
សូម​ពិនិត្យ​មើល​ជំរៅ​ចិត្ត​គំនិត​ទូលបង្គំ​ចុះ។
៣ ទូលបង្គំ​នឹក​គិត​ពី​ព្រះហឫទ័យ​មេត្តា
ករុណា​របស់​ព្រះអង្គ​ជានិច្ច
ហើយ​ទូលបង្គំ​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ។
៤ ទូលបង្គំ​មិន​អង្គុយ​រួម​ជា​មួយ​មនុស្ស​ខិលខូច​ឡើយ
ទូលបង្គំ​ក៏​មិន​សេពគប់​ជា​មួយ
មនុស្ស​មាន​ពុតត្បុត​ដែរ។
៥ ទូលបង្គំ​មិន​ចូល​ចិត្ត​នៅ​រួម​ជា​មួយ
ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់
ហើយ​ទូលបង្គំ​មិន​អង្គុយ​រួម​ជា​មួយ
មនុស្ស​ពាល​ទេ។
៦ ឱ​ព្រះអម្ចាស់​អើយ ទូលបង្គំ​លាង​ដៃ​ទុក​ជា
សញ្ញា​បញ្ជាក់​ថា ទូលបង្គំ​ជា​មនុស្ស​ឥត​សៅហ្មង
ហើយ​ទូលបង្គំ​ដើរ​ជុំវិញ​អាសនៈ​របស់​ព្រះអង្គ
៧ ទាំង​បន្លឺ​សំឡេង​ច្រៀង​អរ​ព្រះគុណ​ព្រះអង្គ
និង​រៀប​រាប់​អំពី​ការ​អស្ចារ្យ
ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ។
៨ ឱ​ព្រះអម្ចាស់​អើយ!
ទូលបង្គំ​ចូល​ចិត្ត​ស្នាក់​នៅ​ក្នុង
ព្រះដំណាក់​របស់​ព្រះអង្គ​ណាស់
គឺ​នៅ​ក្នុង​កន្លែង​ដែល​មាន​សិរីរុងរឿង
របស់​ព្រះអង្គ​ស្ថិត​នៅ។
៩ សូម​កុំ​ទុក​អោយ​ទូលបង្គំ​ស្លាប់​ជា​មួយ
មនុស្ស​បាប​ឡើយ
ហើយ​ក៏​កុំ​ដក​ជីវិត​ទូលបង្គំ
រួម​ជា​មួយ​មនុស្ស​ដែល​បង្ហូរ​ឈាម​គេ​ដែរ។
១០ អ្នក​ទាំង​នោះ​តែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
គ្រប់​ពេល​វេលា
ហើយ​ពួក​គេ​ក៏​ចូល​ចិត្ត​ស៊ី​សំណូក​ដែរ!
១១ រីឯ​ទូលបង្គំ​វិញ
ទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ទៀង​ត្រង់។
សូម​រំដោះ​ទូលបង្គំ
សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង!។
១២ ទូលបង្គំ​ឈរ​នៅ​កន្លែង​ដ៏​សុចរិត
ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះអម្ចាស់
នៅ​ក្នុង​អង្គ​ប្រជុំ!។