៣៦
យើង​ខ្ញុំ​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះបារមី​របស់​ព្រះអង្គ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ ជា​អ្នក​បំរើ​ព្រះអម្ចាស់
១ ខ្ញុំ​នឹក​ឃើញ​ពាក្យ​របស់​ជន​ពាល
ដែល​និយាយ​ក្នុង​ពេល​បះបោរ​ថា
មិន​បាច់​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ទេ​។
២ គេ​បញ្ចើចបញ្ចើ​លើក​តម្កើង​ខ្លួន​ឯង​ខ្លាំង​ពេក
រហូត​មិន​អាច​ទទួល​ស្គាល់​ថា ខ្លួន​មាន​កំហុស
គួរ​អោយ​ស្អប់​នោះ​ឡើយ។
៣ គេ​ពោល​សុទ្ធ​តែ​ពាក្យ​កុហក​បោក​ប្រាស់
គឺ​គេ​លែង​ស្គាល់​ខុស​ស្គាល់​ត្រូវ​ទៀត​ហើយ។
៤ សូម្បី​តែ​នៅ​ពេល​ដេក
ក៏​គេ​គិត​ពី​គំរោងការ​ធ្វើ​អំពើ​អាក្រក់​ដែរ
គេ​មានះ​ដើរ​នៅ​ក្នុង​ផ្លូវ​មិន​ល្អ
គឺ​គេ​មិន​ព្រម​បោះ​បង់​អំពើ​អាក្រក់​សោះ​ឡើយ។
៥ ឱ​ព្រះអម្ចាស់​អើយ!
ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ
ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ
ខ្ពស់​ដល់​អាកាសវេហាស៍។
៦ ព្រះហឫទ័យ​សុចរិត​របស់​ព្រះអង្គ
មាន​កំពស់​ដូច​ភ្នំ​ដ៏​ខ្ពស់​បំផុត
ព្រះតម្រិះ​របស់​ព្រះអង្គ​ជ្រៅ​ដូច​មហាសាគរ។
ឱ​ព្រះអម្ចាស់​អើយ
ព្រះអង្គ​សង្គ្រោះ​ទាំង​មនុស្ស​លោក
ទាំង​សត្វ​តិរច្ឆាន!។
៧ ឱ​ព្រះជាម្ចាស់​អើយ ព្រះហឫទ័យ​មេត្តាករុណា
របស់​ព្រះអង្គ មាន​តម្លៃ​ដ៏​លើសលប់​បំផុត!
មនុស្ស​លោក​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះបារមី
របស់​ព្រះអង្គ
ដូច​កូន​សត្វ​ជ្រក​កោន​ក្រោម​ស្លាប​មេ​វា​។
៨ ព្រះអង្គ​ប្រទាន​អាហារ​យ៉ាង​បរិបូណ៌
អោយ​មនុស្ស​លោក​នៅ​ក្នុង
ព្រះដំណាក់​របស់​ព្រះអង្គ
ហើយ​ព្រះអង្គ​ប្រទាន​អោយ​គេ​មាន
អំណរ​សប្បាយ​ដ៏​ហូរហៀរ​ដូច​ទឹក​ទន្លេ។
៩ ដ្បិត​ព្រះអង្គ​ជា​ប្រភព​នៃ​ជីវិត
ហើយ​យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺ
ដោយសារ​ពន្លឺ​របស់​ព្រះអង្គ។
១០ សូម​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា
ចំពោះ​អស់​អ្នក​ដែល​ស្គាល់​ព្រះអង្គ​ត​ទៅ​ទៀត
ហើយ​សំដែង​ព្រះហឫទ័យ​សុចរិត
ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។
១១ សូម​កុំ​អោយ​មនុស្ស​ព្រហើន​កោង​កាច
មក​វាយ​ប្រហារ​ទូលបង្គំ​បាន​ឡើយ
ហើយ​ក៏​កុំ​អោយ​មនុស្ស​ពាល
មក​បណ្ដេញ​ទូលបង្គំ​បាន​ដែរ!
១២ មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
នឹង​ត្រូវ​បរាជ័យ​នៅ​ទី​នេះ ពួក​គេ​ត្រូវ​ដួល
ហើយ​ងើប​ឡើង​វិញ​ពុំ​រួច​ឡើយ។