៣៩
ពាក្យ​សារភាព​របស់​មនុស្ស​ឈឺ​ចុក​ចាប់
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ សំរាប់​លោក​យេឌូថិន​។ ទំនុក​របស់​ស្ដេច​ដាវីឌ។
១ ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ប្រយ័ត្នប្រយែង
ចំពោះ​អំពើ​ដែល​ខ្ញុំ​ប្រព្រឹត្ត
ក្រែង​លោ​ខ្ញុំ​មាន​បាប ព្រោះ​តែ​ពាក្យ​សំដី។
ដរាប​ណា​មាន​មនុស្ស​អាក្រក់​នៅ​ក្បែរ​ខ្ញុំ
ខ្ញុំ​នឹង​មិន​និយាយ​ស្ដី​អ្វី​សោះ​ឡើយ។
២ ខ្ញុំ​បិទ​មាត់​នៅ​ស្ងៀម
គឺ​ទោះ​បី​ការ​ល្អ​ក៏​ខ្ញុំ​មិន​និយាយ​ដែរ!
ដូច្នេះ ខ្ញុំ​កាន់​តែ​ឈឺ​ចុក​ចាប់​ឥត​ឧបមា!។
៣ ខ្ញុំ​ក្ដៅ​ជា​ខ្លាំង
ហាក់​ដូច​ជា​មាន​ភ្លើង​ឆេះ​នៅ​ក្នុង​ខ្លួន
រហូត​ដល់​ទ្រាំ​លែង​បាន​ទៀត ខ្ញុំ​ក៏​ពោល​ឡើង​ថា:
៤ ឱ​ព្រះអម្ចាស់​អើយ
សូម​ប្រាប់​អោយ​ទូលបង្គំ​ដឹង​ថ្ងៃ​ចុង​ក្រោយ
នៃ​ជីវិត​របស់​ទូលបង្គំ​ផង
តើ​ទូលបង្គំ​អាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត
តើ​ជីវិត​ទូលបង្គំ​ផុយ​ដល់​កំរិត​ណា?។
៥ ព្រះអង្គ​បាន​បង្កើត​ជីវិត​ទូលបង្គំ​មក
ដូច​ទឹក​ដក់​លើ​ស្លឹក​ឈូក
គឺ​ជីវិត​ទូលបង្គំ​ខ្លី​បំផុត​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ
ពិត​មែន​ហើយ ជីវិត​របស់​មនុស្ស​លោក
ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។
- សំរាក
៦ ជីវិត​មនុស្ស​រសាត់​បាត់​ទៅ​ប្រៀប​បី​ដូច
ជា​ស្រមោល អ្វីៗ​ដែល​គេ​ខិតខំ​ធ្វើ
សុទ្ធ​តែ​ឥត​បាន​ការ
គេ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក
តែ​គេ​ពុំ​ដឹង​ថា​ទ្រព្យសម្បត្តិ​នោះ
នឹង​បាន​ទៅ​លើ​នរណា​ឡើយ។
៧ ឱ​ព្រះអម្ចាស់​អើយ
បើ​ដូច្នេះ​តើ​អោយ​ទូលបង្គំ​ទន្ទឹង​រង់ចាំ​អ្វី?
មាន​តែ​ព្រះអង្គ​ទេ
ដែល​ជា​ទី​សង្ឃឹម​របស់​ទូលបង្គំ។
៨ សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​អំពើ​បាប
ទាំង​ប៉ុន្មាន​ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត!
សូម​កុំ​ទុក​ឱកាស​អោយ​មនុស្ស​ល្ងីល្ងើ
មាក់ងាយ​ទូលបង្គំ​បាន​ឡើយ។
៩ ទូលបង្គំ​នៅ​ស្ងៀម មិន​និយាយ​ស្ដី​អ្វី​ទេ
ដ្បិត​ព្រះអង្គ​ទេ​តើ​ដែល​បាន​ធ្វើ​ទោស​ទូលបង្គំ។
១០ សូម​កុំ​ធ្វើ​ទារុណកម្ម​ទូលបង្គំ​ទៀត​ឡើយ!
ដ្បិត​ទូលបង្គំ​ស្ទើរ​តែ​ស្លាប់
ដោយ​ព្រះអង្គ​វាយ​ទូលបង្គំ។
១១ ពេល​ព្រះអង្គ​វាយ​ប្រដៅ​មនុស្ស​ណា​ម្នាក់
ដែល​បាន​ធ្វើ​ខុស
ព្រះអង្គ​ធ្វើ​អោយ​អ្វីៗ​ដែល​អ្នក​នោះ
ចូល​ចិត្ត​ត្រូវ​វិនាស​ហិនហោច​ដូច​កណ្ដៀរ​ស៊ី​ដែរ។
ពិត​មែន​ហើយ ជីវិត​មនុស្ស​លោក
ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។
- សំរាក
១២ ឱ​ព្រះអម្ចាស់​អើយ
សូម​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ
សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​សំរែក​របស់​ទូលបង្គំ​ផង
សូម​កុំ​ព្រងើយ​កន្តើយ​នឹង​ទំនួញ
យំ​សោក​របស់​ទូលបង្គំ​ឡើយ
ដ្បិត​ទូលបង្គំ​គ្រាន់​តែ​ស្នាក់​នៅ
ជា​បណ្ដោះអាសន្ន​ជា​មួយ​ព្រះអង្គ
ដូច​បុព្វបុរស​របស់​ទូលបង្គំ​ប៉ុណ្ណោះ។
១៣ សូម​បែរ​ព្រះភក្ត្រ​ចេញ​ពី​ទូលបង្គំ
ដើម្បី​អោយ​ទូលបង្គំ​ស្រឡះ​មុខ​បន្តិច
មុន​នឹង​ទូលបង្គំ​លា​ចាក​លោក​នេះ
រលាយ​សូន្យ​បាត់​ទៅ។