៤៥
ចំរៀង​នៅ​ពេល​ព្រះរាជា​រៀប​អភិសេក
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ បទ​ផ្កា​ម្លិះ។ កំណាព្យ​របស់​កូន​ចៅ​លោក​កូរេ។ ចំរៀង​ស្នេហា។
១ ចិត្ត​របស់​ខ្ញុំ​ពោរពេញ
ទៅ​ដោយ​ពាក្យពេចន៍​ដ៏​សែន​ពីរោះ
ខ្ញុំ​តែង​បទ​ចំរៀង​នេះ​ថ្វាយ​ព្រះមហាក្សត្រ​។
សូម​អោយ​សំដី​ខ្ញុំ​ចាប់​ចុង​ជួន
ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​រូប​ដ៏​ចំណាន។
២ ក្នុង​ចំណោម​បុរស​ទាំង​អស់
មាន​តែ​ព្រះអង្គ​ទេ​ដែល​រូប​សម្បត្តិ​ល្អ​ជាង​គេ
ព្រះអង្គ​មាន​សំនួនវោហារ​ដ៏​ពូកែ
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់
ប្រទាន​ពរ​ដល់​ព្រះអង្គ​រហូត​ត​ទៅ។
៣ ឱ​វីរបុរស​ដ៏​មាន​ឫទ្ធិ​អើយ
សូម​ពាក់​ព្រះខ័នរាជ្យ​ដ៏​រុងរឿង
និង​ភ្លឺ​ចិញ្ចែងចិញ្ចាច​របស់​ព្រះអង្គ​ទៅ។
៤ សូម​ព្រះអង្គ​យាង​គង់​លើ​ព្រះរាជរថ
ប្រកប​ដោយ​សិរីរុងរឿង
ដើម្បី​ច្បាំង​ការពារ​សេចក្ដី​ពិត
និង​សេចក្ដី​សុចរិត​ទៀង​ត្រង់
សូម​ទ្រង់​ទទួល​មហា​ជោគជ័យ
ដោយ​ព្រះបារមី​របស់​ព្រះអង្គ។
៥ សូម​អោយ​ព្រួញ​ដ៏​មុត​របស់​ព្រះអង្គ
បាន​បាញ់​ទម្លុះ​ដើម​ទ្រូង​របស់​ពួក​សត្រូវ
សូម​អោយ​ប្រជាជាតិ​ទាំងឡាយ
នៅ​ក្រោម​ព្រះបាទា​របស់​ព្រះរាជា។
៦ បពិត្រ​ព្រះជាម្ចាស់ បល្ល័ង្ក​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ
ហើយ​ព្រះអង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌
៧ ព្រះអង្គ​តែងតែ​សព្វ​ព្រះហឫទ័យ​នឹង​សេចក្ដី​សុចរិត
ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ
ហេតុ​នេះ​ហើយ​បាន​ព្រះជាម្ចាស់
ជា​ព្រះ​របស់​ព្រះអង្គ​ជ្រើស​រើស​ព្រះអង្គ
ពី​ក្នុង​ចំណោម​មិត្តភក្ដិ​របស់​ព្រះអង្គ
ហើយ​ប្រទាន​អោយ​ព្រះអង្គ
មាន​អំណរ​សប្បាយ​ដ៏​លើសលប់
ដោយ​ចាក់​ប្រេង​អភិសេក​ព្រះអង្គ។
៨ ព្រះភូសា​របស់​ព្រះអង្គ​ក្រអូប​ទៅ​ដោយ
ក្លិន​ប្រេង​ទេព្វិរូ និង​ខ្លឹមចន្ទន៍ក្រស្នា
មាន​ក្រុម​តន្ត្រី​ប្រគំ​ភ្លេង​ថ្វាយ​ព្រះអង្គ
នៅ​ក្នុង​ប្រាសាទ​ដែល​រចនា​អំពី​ភ្លុក​ដំរី។
៩ ស្រី​ស្នំ​របស់​ព្រះអង្គ​សុទ្ធ​តែ​ជា​បុត្រី
របស់​ស្ដេច​នគរ​នានា
ហើយ​ព្រះមហាក្សត្រិយានី​ទ្រង់​គ្រឿង​អលង្ការ
ធ្វើ​ពី​មាស​ដ៏​ល្អ​ប្រណីត
គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ។
១០ ព្រះអង្គ​ម្ចាស់​ក្សត្រី​អើយ
សុំ​ត្រងត្រាប់​ស្ដាប់​ពាក្យ​ខ្ញុំ
ចូរ​កុំ​នឹក​នា​ប្រជារាស្ត្រ
និង​ព្រះរាជវង្ស​របស់​ព្រះនាង​ទៀត​អី!
១១ ដ្បិត​ព្រះមហាក្សត្រ​គាប់​ព្រះហឫទ័យ
នឹង​សម្ផស្ស​របស់​ព្រះនាង​ខ្លាំង​ណាស់
ចូរ​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​ទៅ
ព្រះអង្គ​ជា​ម្ចាស់​របស់​ព្រះនាង​ហើយ។
១២ ប្រជារាស្ត្រ​នៅ​ក្រុង​ទីរ៉ុស​នឹង​នាំ​តង្វាយ
មក​ថ្វាយ​ព្រះនាង អ្នក​មាន​ទាំងឡាយ​នឹង​នាំ​គ្នា
មក​ផ្គាប់ផ្គុន​ព្រះនាង។
១៣ ព្រះអង្គ​ម្ចាស់ក្សត្រី​គង់​នៅ​ក្នុង​ព្រះបរមរាជវាំង
ព្រះនាង​មាន​រូប​ឆោម​លោម​ពណ៌​ស្អាត​ល្អ​ណាស់
ព្រះភូសា​របស់​ព្រះនាង​លំអ​ទៅ​ដោយ​មាស។
១៤ គេ​ដង្ហែ​ព្រះនាង​ចូល​ទៅ​គាល់​ព្រះមហាក្សត្រ
ទាំង​គ្រង​ព្រះភូសា​ចំរុះ​ពណ៌
និង​មាន​ពួក​ភីលៀង​ហែហម​ពី​ក្រោយ
ចូល​ទៅ​គាល់​ព្រះរាជា​ផង។
១៥ ពួក​នាង​ចូល​ទៅ​កាន់​ព្រះដំណាក់​របស់​ព្រះរាជា
ដោយ​មាន​បណ្ដាជន​បន្លឺ​សំឡេង​អបអរសាទរ
យ៉ាង​សប្បាយ។
១៦ បពិត្រ​ព្រះរាជា សូម​អោយ​ព្រះរាជបុត្រ
ព្រះអង្គ​បាន​ឡើង​គ្រង​រាជ្យ
ត​ពី​ព្រះអយ្យកោ​របស់​ព្រះអង្គ។
ព្រះអង្គ​នឹង​តែងតាំង​ព្រះបុត្រា
របស់​ព្រះអង្គ​អោយ​គ្រប់គ្រង​ទួទាំង​នគរ។
១៧ ទូលបង្គំ​នឹង​ថ្លាថ្លែង​រំលឹក​ពី​ព្រះនាម
របស់​ព្រះអង្គ​រហូត​ត​ទៅ
ហើយ​ប្រជារាស្ត្រ​នានា​ក៏​នឹង​នាំ​គ្នា​លើក​តម្កើង
ព្រះអង្គ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។