៥៥
ពាក្យ​អធិស្ឋាន​របស់​មនុស្ស​ដែល​ត្រូវ​គេ​ក្បត់​ចិត្ត
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ប្រគំ​ជា​មួយ​តន្ត្រី​ដែល​មាន​ខ្សែ។ កំណាព្យ​របស់​ស្ដេច​ដាវីឌ។
១ ព្រះជាម្ចាស់​អើយ!
សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ
ទូលអង្វរ​របស់​ទូលបង្គំ
សូម​កុំ​លាក់​ព្រះភក្ត្រ
នៅ​ពេល​ទូលបង្គំ​ទទូច​អង្វរ​ព្រះអង្គ។
២ សូម​ទ្រង់​មេត្តា​ព្រះសណ្ដាប់​ទូលបង្គំ
ហើយ​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង
ទូលបង្គំ​ខ្វល់​ខ្វាយ ទាំង​តប់ប្រមល់
និង​ថប់​បារម្ភ​ជា​ខ្លាំង
៣ នៅ​ពេល​ឮ​ពាក្យ​សំដី​របស់​ខ្មាំង​សត្រូវ
និង​មនុស្ស​ពាល​នាំ​គ្នា​បៀតបៀន​ទូលបង្គំ។
ពួក​គេ​ធ្វើ​អោយ​ទូលបង្គំ​រង​ទុក្ខ​វេទនា
គេ​នាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ​ដោយ​កំហឹង។
៤ ទូលបង្គំ​ភ័យ​តក់ស្លុត​ជា​ខ្លាំង
ទូលបង្គំ​ភ័យ​ញាប់ញ័រ ខ្លាច​ស្លាប់
៥ ទូលបង្គំ​ភ័យ​ខ្លាច និង​រន្ធត់​ចិត្ត​ជា​ខ្លាំង
ហើយ​ទូលបង្គំ​ព្រឺព្រួច​ក្នុង​ចិត្ត​ពន់​ប្រមាណ។
៦ ទូលបង្គំ​គិត​ថា «ប្រសិន​បើ​ខ្ញុំ​មាន​ស្លាប​ដូច​ព្រាប
នោះ​ខ្ញុំ​នឹង​ហើរ​ទៅ​រក​កន្លែង​មួយ សំរាប់​ជ្រក​កោន។
៧ ខ្ញុំ​នឹង​ហើរ​ទៅ​យ៉ាង​ឆ្ងាយ
ខ្ញុំ​នឹង​ទៅ​ពួន​នៅ​វាល​រហោស្ថាន។
- សំរាក
៨ ខ្ញុំ​នឹង​ភៀស​ខ្លួន​ទៅ​យ៉ាង​ឆាប់​រហ័ស
គឺ​លឿន​ជាង​ខ្យល់​ព្យុះ​សង្ឃរា​ទៅ​ទៀត»។
៩ ព្រះអម្ចាស់​អើយ! សូម​កុំ​អោយ​ខ្មាំង​សត្រូវ
របស់​ទូលបង្គំ​និយាយ​ស្ដាប់​គ្នា​បាន​ឡើយ
ដ្បិត​នៅ​ក្នុង​ទីក្រុង​ទូលបង្គំ​ឃើញ​មាន​តែ
អំពើ​ឃោរឃៅ និង​ការ​ឈ្លោះ​ប្រកែក​គ្នា។
១០ ទាំង​ថ្ងៃ​ទាំង​យប់​នៅ​ជុំវិញ​កំពែង​ក្រុង
ហើយ​នៅ​ក្នុង​ទីក្រុង មាន​សុទ្ធ​តែ​អំពើ​ទុច្ចរិត
និង​អំពើ​ពាល។
១១ នៅ​ក្នុង​ទីក្រុង​មាន​សុទ្ធ​តែ​ឧក្រិដ្ឋកម្ម
ហើយ​នៅ​តាម​ទី​ផ្សារ មាន​សុទ្ធ​តែ​ការ​ជិះជាន់
និង​ការ​បោក​ប្រាស់។
១២ អ្នក​ដែល​បំបាក់​មុខ​ខ្ញុំ
មិន​មែន​ជា​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ទេ
ប្រសិន​បើ​ជា​ខ្មាំង​សត្រូវ​មែន
ខ្ញុំ​មុខ​ជា​ទ្រាំទ្រ​បាន​មិន​ខាន
ហើយ​អ្នក​ដែល​វាយ​ប្រហារ​ខ្ញុំ
ក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ​ដែរ
ប្រសិន​បើ​ជា​អ្នក​ដែល​ស្អប់​ខ្ញុំ​មែន
ខ្ញុំ​មុខ​ជា​គេច​ខ្លួន​មិន​ខាន
១៣ គឺ​អ្នក​ឯង​ទេ​តើ អ្នក​ធ្លាប់​នៅ​ជា​មួយ​ខ្ញុំ
ជា​អ្នក​ជិតស្និទ្ធ និង​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ។
១៤ យើង​ធ្លាប់​ស្និទ្ធស្នាល​ជា​មួយ​គ្នា
យើង​ធ្លាប់​ទៅ​ថ្វាយបង្គំ​ព្រះជាម្ចាស់​ជា​មួយ​គ្នា
ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ។
១៥ សូម​អោយ​បច្ចាមិត្ត​របស់​ខ្ញុំ​ត្រូវ​ស្លាប់​យ៉ាង​ទាន់ហន់
សូម​អោយ​ពួក​គេ​ធ្លាក់​នរក​ទាំង​រស់
ចិត្ត​គំនិត​របស់​គេ​ពោរពេញ
ទៅ​ដោយ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។
១៦ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្រែក​អង្វរ​ព្រះជាម្ចាស់
ហើយ​ព្រះអម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ។
១៧ ខ្ញុំ​ស្រែក​ថ្ងូរ និង​ទទូច​អង្វរ​ព្រះអង្គ
ទាំង​ព្រឹក​ទាំង​ថ្ងៃ​ត្រង់​ទាំង​ល្ងាច
ហើយ​ព្រះអង្គ​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ខ្ញុំ។
១៨ ទោះ​បី​មាន​ខ្មាំង​សត្រូវ​លើក​គ្នា
សន្ធឹក​សន្ធាប់​មក​វាយ​ប្រហារ​ខ្ញុំ​ក្ដី
ក៏​ព្រះអង្គ​រំដោះ​ខ្ញុំ​អោយ​បាន​សុខសាន្ត​ដែរ។
១៩ ព្រះជាម្ចាស់​គ្រង​រាជ្យ​តាំង​ពី​អស់កល្ប​រៀង​មក
សូម​ព្រះអង្គ​ស្ដាប់​ពាក្យ​ខ្ញុំ
ហើយ​បំបាក់​មុខ​ពួក​គេ​ទៅ
- សំរាក
អ្នក​ទាំង​នោះ​មិន​ដូរ​គំនិត​ឡើយ គឺ​ពួក​គេ​មិន
គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ទាល់​តែ​សោះ។
២០ អ្នក​នោះ​តែងតែ​ក្បត់​នឹង​មិត្ត​សម្លាញ់
ហើយ​រំលោភ​លើ​ពាក្យ​សន្យា​របស់​ខ្លួន​ទៀត​ផង។
២១ ពាក្យ​សំដី​របស់​គេ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត
តែ​ចិត្ត​របស់​គេ​ឃោរឃៅ
គិត​តែ​ពី​ធ្វើ​សឹក​សង្គ្រាម​ប៉ុណ្ណោះ
ពាក្យ​សំដី​របស់​គេ​ទន់ភ្លន់​ដូច​សំពត់​សូត្រ
តែ​មុត​ដូច​មុខ​ដាវ។
២២ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះអម្ចាស់
នោះ​ទ្រង់​នឹង​ជួយ​គាំទ្រ​អ្នក​ជា​មិន​ខាន
ដ្បិត​ព្រះអង្គ​មិន​ដែល​ទុក​អោយ​មនុស្ស​សុចរិត
ត្រូវ​បរាជ័យ​រហូត​នោះ​ទេ។
២៣ ឱ​ព្រះជាម្ចាស់​អើយ
សូម​ធ្វើ​អោយ​ពួក​គេ​ធ្លាក់​រណ្ដៅ​ទៅ
ពួក​នោះ​សុទ្ធ​តែ​ជា​ឃាតក និង​ជន​បោក​ប្រាស់
សូម​កុំ​អោយ​ពួក​នោះ​អាច​រស់
បាន​ពាក់​កណ្ដាល​អាយុ​របស់​ខ្លួន​ឡើយ
ចំណែក​ឯ​ទូលបង្គំ​វិញ
ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ​ហើយ។