៦២
នៅ​ជិត​ព្រះអង្គ​ខ្ញុំ​មាន​សេចក្ដី​សុខសាន្ត
បទ​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ សំរាប់​លោក​យេឌូថិន​។ ទំនុក​របស់​ស្ដេច​ដាវីឌ។
១ មាន​តែ​នៅ​ក្បែរ​ព្រះជាម្ចាស់​ទេ
ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់
ព្រោះ​ព្រះអង្គ​សង្គ្រោះ​ខ្ញុំ។
២ ព្រះអង្គ​តែ​មួយ​គត់​ជា​ថ្មដា
ជា​ព្រះសង្គ្រោះ​ខ្ញុំ
ព្រះអង្គ​ជា​កំពែង​ដ៏​រឹងមាំ
ដូច្នេះ ខ្ញុំ​នឹង​មិន​ត្រូវ​បរាជ័យ​ឡើយ។
៣ តើ​អ្នក​រាល់​គ្នា​ចោមរោម​វាយ
ប្រហារ​មនុស្ស​តែ​ម្នាក់​ដូច្នេះ​ដល់​កាល​ណា?
អ្នក​រាល់​គ្នា​រក​ប្រហារ​ជីវិត​មនុស្ស
ដូច​គេ​ចង់​រំលំ​កំពែង​ទ្រុឌទ្រោម
និង​ផ្ដួល​របង​ដែល​ជិត​រលំ​ឬ?
៤ អ្នក​រាល់​គ្នា​ចង់​អោយ​តែ​អ្នក​នោះ
បាត់​បង់​យសស័ក្ដិ អ្នក​រាល់​គ្នា​ចូល​ចិត្ត​កុហក
មាត់​អ្នក​រាល់​គ្នា​អោយ​ពរ
តែ​ចិត្ត​អ្នក​រាល់​គ្នា​បែរ​ជា​ដាក់​បណ្ដាសា​វិញ។
- សំរាក
៥ ពិត​មែន​ហើយ មាន​តែ​នៅ​ក្បែរ​ព្រះជាម្ចាស់​ទេ
ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់
ដ្បិត​ព្រះអង្គ​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ។
៦ ព្រះអង្គ​តែ​មួយ​គត់​ជា​ថ្មដា ជា​ព្រះសង្គ្រោះ​ខ្ញុំ
ព្រះអង្គ​ជា​កំពែង​ដ៏​រឹងមាំ
ដូច្នេះ ខ្ញុំ​នឹង​មិន​ត្រូវ​បរាជ័យ​ឡើយ។
៧ ការ​សង្គ្រោះ និង​សិរីរុងរឿង​របស់​ខ្ញុំ
ស្ថិត​នៅ​លើ​ព្រះជាម្ចាស់​ទាំង​ស្រុង
ព្រះជាម្ចាស់​ជា​ថ្មដា​ដ៏​រឹងមាំ និង​ជា​ទី​ជំរក​របស់​ខ្ញុំ។
៨ ប្រជាជន​អើយ ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត
លើ​ព្រះអង្គ គ្រប់​ពេល​វេលា​ទៅ
ចូរ​ទូល​ថ្វាយ​ព្រះអង្គ
ពី​ទុក្ខ​កង្វល់​របស់​អ្នក​រាល់​គ្នា
ដ្បិត​ព្រះជាម្ចាស់​ជា​ជំរក​របស់​យើង។
៩ មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ
មនុស្ស​លោក​គ្មាន​តម្លៃ​អ្វី​សោះ
ប្រសិន​បើ​យើង​ថ្លឹង​មនុស្ស​ទាំង​អស់​លើ​ជញ្ជីង​មួយ
នោះ​ស្រាល​ជាង​មួយ​ដង្ហើម​ទៅ​ទៀត។
១០ មិន​ត្រូវ​ទុក​ចិត្ត​លើ​អំពើ​ហិង្សា​ឡើយ
ហើយ​កុំ​សង្ឃឹម​លើ​ការ​លួច​ប្លន់​ដែរ។
ប្រសិន​បើ​ទ្រព្យសម្បត្តិ​អ្នក​រាល់​គ្នា​កើន​ចំនួន
ច្រើន​ឡើង មិន​ត្រូវ​ជំពាក់​ចិត្ត​ឡើយ។
១១ ខ្ញុំ​ឮ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល
មួយ​លើក​ជា​ពីរ​លើក​ថា
ឫទ្ធិ​អំណាច​ស្ថិត​នៅ​លើ​ព្រះអង្គ​ទាំង​អស់
១២ ក៏​ប៉ុន្តែ ព្រះអម្ចាស់​អើយ
ព្រះអង្គ​ប្រកប​ដោយ​ព្រះហឫទ័យ​មេត្តាករុណា
ព្រះអង្គ​នឹង​តប​ស្នង​អោយ​មនុស្ស​ម្នាក់ៗ
តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។