៦៥
ព្រះជាម្ចាស់​អើយ យើង​ខ្ញុំ​ត្រូវ​តែ​សរសើរ​តម្កើង​ព្រះអង្គ
បទ​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។ ចំរៀង​តម្កើង​ព្រះជាម្ចាស់។
១ ឱ​ព្រះជាម្ចាស់​អើយ
យើង​ខ្ញុំ​ត្រូវ​តែ​សរសើរ​តម្កើង​ព្រះអង្គ
នៅ​ក្រុង​ស៊ីយ៉ូន
ហើយ​ថ្វាយ​តង្វាយ តាម​ពាក្យ​ដែល​យើង​ខ្ញុំ
បាន​សន្យា​ចំពោះ​ព្រះអង្គ។
២ ព្រះអង្គ​តែងតែ​ស្ដាប់​ពាក្យ​ទូលអង្វរ
របស់​មនុស្ស​លោក​ជានិច្ច
ពួក​គេ​នឹង​មក​រក​ព្រះអង្គ​ទាំង​អស់​គ្នា។
៣ កំហុស​របស់​ទូលបង្គំ​ធ្ងន់ធ្ងរ​ណាស់
មាន​តែ​ព្រះអង្គ​ទេ
ដែល​លើកលែង​ទោស​អោយ​យើង​ខ្ញុំ​បាន។
៤ មាន​សុភមង្គល​ហើយ​អស់​អ្នក
ដែល​ព្រះអង្គ​ជ្រើស​រើស
ហើយ​នាំ​ចូល​មក​រស់​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះអង្គ។
យើង​ខ្ញុំ​នឹង​ស្កប់​ចិត្ត​ដោយ​បាន​ទទួល​ព្រះពរ
នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ
គឺ​នៅ​ក្នុង​ព្រះវិហារ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។
៥ ឱ​ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​យើង​ខ្ញុំ​អើយ
ព្រះអង្គ​ប្រកប​ដោយ​សេចក្ដី​សុចរិត
ព្រះអង្គ​បាន​ឆ្លើយ​តប​មក​យើង​ខ្ញុំ
ដោយ​សំដែង​ឫទ្ធិបារមី គួរ​អោយ​ស្ញែង​ខ្លាច
ប្រជាជន​នានា​ដែល​រស់​នៅ​ទី​ឆ្ងាយ​ដាច់​ស្រយាល
នៃ​ផែនដី និង​នៅ​ខាង​នាយ​សមុទ្រ
នឹង​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះអង្គ!
៦ ព្រះអង្គ​បាន​ពង្រឹង​ភ្នំ​ទាំងឡាយ​អោយ​រឹងមាំ
ដោយសារ​ព្រះចេស្ដា​របស់​ព្រះអង្គ
ព្រះអង្គ​ប្រកប​ទៅ​ដោយ​ឫទ្ធានុភាព។
៧ ព្រះអង្គ​បាន​ធ្វើ​អោយ​សន្ធឹក​រលក​សមុទ្រ
ដ៏​គគ្រឹកគគ្រេង​បាន​ស្ងប់ឈឹង
ព្រះអង្គ​ក៏​បាន​ធ្វើ​អោយ​សំឡេង
ដ៏​អឺងកង​របស់​ប្រជាជន
ទាំងឡាយ​បាន​ស្ងប់​ស្ងៀម​ដែរ។
៨ អស់​អ្នក​ដែល​រស់​នៅ​ទី​ដាច់​ស្រយាល
នៃ​ផែនដី​នឹង​នាំ​គ្នា​ស្ញែង​ខ្លាច
ដោយ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ
ព្រះអង្គ​បាន​ធ្វើ​អោយ​ប្រជាជន
ដែល​រស់​នៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច
មាន​អំណរ​សប្បាយ​ដ៏​លើសលប់។
៩ ព្រះអង្គ​ថែ​ទាំ​ផែនដី
ដោយ​ប្រទាន​អោយ​ផែនដី​មាន​ទឹក​ដ៏​បរិបូណ៌
ព្រះអង្គ​ប្រទាន​អោយ​ផែនដី​មាន​ភោគផល
ដ៏​សម្បូណ៌​ហូរហៀរ
ជ្រលង​ដង​អូ​របស់​ព្រះអង្គ
មាន​ពោរពេញ​ទៅ​ដោយ​ទឹក
ព្រះអង្គ​ប្រទាន​ស្រូវ​អោយ​មនុស្ស​លោក
ដោយ​រៀបចំ​ដូច​ត​ទៅ​នេះ
១០ គឺ​ព្រះអង្គ​ស្រោច​ស្រព​ស្រែ​ចំការ
ព្រះអង្គ​ធ្វើ​អោយ​ដី​ដាំ​ដំណាំ​បាន​រាប​ស្មើ
ព្រះអង្គ​បាន​ធ្វើ​អោយ​ទឹក​ភ្លៀង
ដក់​នៅ​តាម​វាល​ស្រែ
ហើយ​ព្រះអង្គ​ប្រទាន​ពរ​អោយ​គ្រាប់​ពូជ
ទាំងឡាយ​ដុះ​ឡើង។
១១ នៅ​រដូវ​ចំរូត​ព្រះអង្គ​ប្រទាន​ស្រូវ
ដែល​ជា​ព្រះអំណោយ​ទាន​ដ៏​សប្បុរស​បំផុត។
ទី​ណា​ដែល​ព្រះអង្គ​យាង​ទៅ
ទី​នោះ​មាន​ភោគផល​ដ៏​ហូរហៀរ។
១២ រីឯ​នៅ​វាល​រហោស្ថាន ក៏​មាន​ស្មៅ​ដ៏​បរិបូណ៌
ហើយ​នៅ​តាម​ភ្នំ​នានា
ក៏​មាន​ពោរពេញ​ទៅ​ដោយ​អំណរ​ដែរ។
១៣ វាល​ស្មៅ​ពោរពេញ​ទៅ​ដោយ​ហ្វូង​ចៀម
ជ្រលង​ភ្នំ​ពោរពេញ​ទៅ​ដោយ​ស្រូវ
អ្វីៗ​សព្វ​សារពើ​បន្លឺ​សំឡេង​ច្រៀង​ឡើង
ដោយ​អំណរ​ដ៏​លើសលប់!។