៦៧
សូម​អោយ​ប្រជាជន​ទាំងឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះជាម្ចាស់
បទ​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ប្រគំ​ជា​មួយ​តូរ្យតន្ត្រី​ដែល​មាន​ខ្សែ។ ទំនុកតម្កើង។ ចំរៀង​តម្កើង​ព្រះជាម្ចាស់។
១ ឱ​ព្រះជាម្ចាស់​អើយ
សូម​ប្រណី​សន្ដោស​យើង​ខ្ញុំ
សូម​ប្រទាន​ពរ​ដល់​យើង​ខ្ញុំ
សូម​ទត​មក​យើង​ខ្ញុំ​ដោយ
ព្រះហឫទ័យ​សប្បុរស​ផង!
- សំរាក
២ ដូច្នេះ មនុស្ស​នៅ​លើ​ផែនដី
នឹង​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ
ហើយ​ក្នុង​ចំណោម​ប្រជាជាតិ​ទាំង​ឡាយ
គេ​នឹង​ស្គាល់​ការ​សង្គ្រោះ​របស់​ព្រះអង្គ!
៣ ឱ​ព្រះជាម្ចាស់​អើយ សូម​អោយ​ប្រជាជន
ទាំងឡាយ​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ
សូម​អោយ​ប្រជាជន​ទាំង​អស់​រួម​គ្នា
លើក​តម្កើង​ព្រះអង្គ!
៤ មហាជន​នាំ​គ្នា​សប្បាយ​រីករាយ
នាំ​គ្នា​ស្រែក​ជយឃោស
ដ្បិត​ព្រះអង្គ​គ្រប់គ្រង​ប្រជារាស្ត្រ​នានា
ដោយ​យុត្តិធម៌
ហើយ​ព្រះអង្គ​ដឹក​នាំ​មហាជន​ទាំងឡាយ
នៅ​លើ​ផែនដី។
- សំរាក
៥ ឱ​ព្រះជាម្ចាស់​អើយ
សូម​អោយ​ប្រជាជន​ទាំងឡាយ
នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ
សូម​អោយ​ប្រជាជន​ទាំង​អស់​រួម​គ្នា
លើក​តម្កើង​ព្រះអង្គ!
៦ ផែនដី​បាន​បង្កើត​ភោគផល
ព្រោះ​ព្រះជាម្ចាស់
ជា​ព្រះ​នៃ​យើង​បាន​ប្រទាន​ពរ​អោយ​យើង។
៧ សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​អោយ​យើង
សូម​អោយ​ប្រជាជន​ទាំង​ប៉ុន្មាន
ដែល​រស់​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី
គោរព​កោត​ខ្លាច​ព្រះអង្គ!