៦៩
ទូលបង្គំ​ស្រឡាញ់​ព្រះដំណាក់​របស់​ព្រះអង្គ​ណាស់
បទ​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ បទ «ផ្កា​ម្លិះ»។ ទំនុក​របស់​ស្ដេច​ដាវីឌ។
១ ឱ​ព្រះជាម្ចាស់​អើយ
សូម​សង្គ្រោះ​ទូលបង្គំ​ផង
ទឹក​ឡើង​ដល់​ច្រមុះ​ទូលបង្គំ​ហើយ!។
២ ទូលបង្គំ​កាន់​តែ​ផុង​ខ្លួន​ទៅៗ
ពុំ​មាន​អ្វី​ដែល​ទូលបង្គំ​អាច​តោង​បាន​ឡើយ
ទូលបង្គំ​លិច​ចុះ​ទៅ​ក្នុង​ទឹក
ហើយ​ទឹក​ក៏​ហូរ​នាំ​យក​ទូលបង្គំ​ទៅ។
៣ ទូលបង្គំ​លែង​មាន​កម្លាំង​ស្រែក​ហៅ
អោយ​គេ​ជួយ​ទៀត​ហើយ
ព្រោះ​ទូលបង្គំ​ស្រែក​រហូត​ដល់​ស្ងួត​បំពង់​ក
ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ
ទូលបង្គំ​ទន្ទឹង​រង់ចាំ​ព្រះអង្គ​រហូត​ដល់​ផ្សា​ភ្នែក។
៤ អ្នក​ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​មូល​ហេតុ
មាន​គ្នា​ច្រើន​ជាង​សក់​ក្បាល
របស់​ទូលបង្គំ​ទៅ​ទៀត
ពួក​មេ​បំផ្លាញ​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់
ពួក​គេ​រក​ព្យាបាទ​ទូលបង្គំ​ទាំង​យល់​ច្រឡំ
តើ​អោយ​ទូលបង្គំ​សង​ទៅ​គេ​វិញ​ដូច​ម្ដេច​កើត
បើ​ទូលបង្គំ​មិន​បាន​យក​របស់​នោះ​សោះ!
៥ ឱ​ព្រះជាម្ចាស់​អើយ ព្រះអង្គ​ជ្រាប​នូវ​អំពើ​លេលា
របស់​ទូលបង្គំ​ស្រាប់​ហើយ
ទោសពៃរ៍​របស់​ទូលបង្គំ
ពុំ​អាច​លាក់​កំបាំង​នឹង​ព្រះអង្គ​បាន​ទេ។
៦ ឱ​ព្រះអម្ចាស់ ឱ​ព្រះអម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ
សូម​កុំ​អោយ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត
លើ​ព្រះអង្គ​ត្រូវ​អាម៉ាស់ ព្រោះ​តែ​ទូលបង្គំ
ឱ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ
សូម​កុំ​អោយ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ
ត្រូវ​បាក់​មុខ ព្រោះ​តែ​ទូលបង្គំ!
៧ ដ្បិត​ទូលបង្គំ​ទ្រាំទ្រ​អោយ​គេ​ជេរ​ប្រមាថ
ទូលបង្គំ​សុខ​ចិត្ត​អាម៉ាស់​មុខ ព្រោះ​តែ​ព្រះអង្គ។
៨ ញាតិសន្ដាន​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំ
ដូច​ជន​ដទៃ
បង​ប្អូន​បង្កើត​របស់​ទូលបង្គំ​ចាត់​ទុក​ទូលបង្គំ
ដូច​ជន​បរទេស។
៩ មក​ពី​ទូលបង្គំ​ស្រឡាញ់​ព្រះដំណាក់​របស់​ព្រះអង្គ
បាន​ជា​គេ​ប្រហារ​ជីវិត​ទូលបង្គំ
ពាក្យ​ត្មះតិះដៀល​របស់​អស់​អ្នក
ដែល​តិះដៀល​ព្រះអង្គ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ។
១០ ទូលបង្គំ​យំ​សោក​ទាំង​តម​អាហារ
ដែល​ធ្វើ​អោយ​មនុស្សម្នា​រឹត​តែ
ជេរ​ប្រមាថ​ទូលបង្គំ​ថែម​ទៀត។
១១ ទូលបង្គំ​ស្លៀក​សម្លៀកបំពាក់​កាន់​ទុក្ខ
ហើយ​ពួក​គេ​នាំ​គ្នា​យក​រឿង​ទូលបង្គំ
ទៅ​លេង​សើច។
១២ គេ​នាំ​គ្នា​និយាយ​ដើម​ទូលបង្គំ
នៅ​តាម​ទី​សាធារណៈ
ហើយ​មនុស្ស​ប្រមឹក​នាំ​គ្នា​យក​រឿង
ទូលបង្គំ​ទៅ​ច្រៀង​ឡកឡឺយ។
១៣ ឱ​ព្រះអម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះអង្គ
ឥឡូវ​នេះ ជា​ពេល​ដែល​គាប់​ព្រះហឫទ័យ ព្រះអង្គ​ហើយ
ឱ​ព្រះជាម្ចាស់​អើយ
ដោយ​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តា​ករុណា​ដ៏​ធំធេង
ព្រះអង្គ​ពិត​ជា​សង្គ្រោះ​ទូលបង្គំ​មិន​ខាន
សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង!។
១៤ សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​ភក់​ជ្រាំ​នេះ
កុំ​អោយ​ទូលបង្គំ​ផុង​ខ្លួន​ទៀត​ឡើយ!
សូម​អោយ​ទូលបង្គំ​បាន​រួច​ផុត
ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ
សូម​យក​ទូលបង្គំ​ចេញ​ពី​ទឹក​ដ៏​ជ្រៅ​នេះ​ផង!
១៥ សូម​កុំ​អោយ​ចរន្ត​ទឹក​នេះ
អាច​ហូរ​នាំ​យក​ទូលបង្គំ​ទៅ​បាន​ឡើយ
សូម​កុំ​អោយ​ទឹក​ដ៏​ជ្រៅ​នេះ
កួច​យក​ទូលបង្គំ​អោយ​លិច​លង់
ហើយ​ក៏​សូម​កុំ​អោយ​អណ្ដូង​នេះ
ឃុំ​ទូលបង្គំ​ទុក​បាន​ដែរ!
១៦ ព្រះអម្ចាស់​អើយ ដោយ​ព្រះអង្គ​មាន
ព្រះហឫទ័យ​សប្បុរស និង​មេត្តា​ករុណា
សូម​ឆ្លើយ​តប​មក​ទូលបង្គំ
ដោយ​ព្រះហឫទ័យ​អាណិត​មេត្តា​ដ៏​ធំធេង
សូម​ងាក​មក​ទត​មើល​ទូលបង្គំ​ផង!
១៧ សូម​កុំ​លាក់​ព្រះភក្ត្រ​នឹង​ទូលបង្គំ
ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ឡើយ
សូម​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់
ដ្បិត​ទូលបង្គំ​កំពុង​តែ​មាន​អាសន្ន!
១៨ សូម​យាង​មក​ជិត​ទូលបង្គំ
ហើយ​លោះ​ជីវិត​ទូលបង្គំ
សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​កណ្ដាប់​ដៃ
របស់​ខ្មាំង​សត្រូវ​ផង!
១៩ ដ្បិត​ព្រះអង្គ​ជ្រាប​ហើយ​ថា
ទូលបង្គំ​ត្រូវ​គេ​ជេរ​ប្រមាថ
ត្រូវ​អាម៉ាស់ និង​បាត់​បង់​កិត្តិយស
ព្រះអង្គ​ទត​ឃើញ​បច្ចាមិត្ត​ទាំង​ប៉ុន្មាន
របស់​ទូលបង្គំ​ស្រាប់​ហើយ។
២០ ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​អោយ
ទូលបង្គំ​មាន​ចិត្ត​ខ្លោចផ្សា និង​គ្រាំគ្រា
ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ទូលបង្គំ
តែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ!
ទូលបង្គំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ទូលបង្គំ
តែ​រក​មិន​បាន​ឡើយ!
២១ ពួក​គេ​ដាក់​ថ្នាំ​បំពុល​នៅ​ក្នុង​ម្ហូប​អាហារ​របស់​ទូលបង្គំ
ហើយ​នៅ​ពេល​ទូលបង្គំ​ស្រេក​ទឹក
គេ​បែរ​ជា​យក​ទឹក​ខ្មេះ
មក​អោយ​ទូលបង្គំ​ទៅ​វិញ។
២២ សូម​អោយ​តុ និង​ពិធី​ជប់លៀង
ដ៏​សក្ការៈ​របស់​ពួក​គេ
ក្លាយ​ទៅ​ជា​អន្ទាក់​នាំ​ពួក​គេ​អោយ​វិនាស!
២៣ សូម​អោយ​ភ្នែក​របស់​គេ​ត្រឡប់
ទៅ​ជា​ងងឹត​មើល​អ្វី​លែង​ឃើញ
ហើយ​សូម​អោយ​គេ​កោង​ខ្នង​រហូត​ត​ទៅ!
២៤ សូម​ព្រះអង្គ​ធ្វើ​ទោស​ពួក​គេ​យ៉ាង​ធ្ងន់
ហើយ​សូម​ធ្វើ​ទារុណកម្ម
ពួក​គេ​ឥត​ត្រា​ប្រណី​ឡើយ។
២៥ សូម​អោយ​លំនៅ​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ
ហើយ​សូម​កុំ​អោយ​មាន​នរណា​រស់​នៅ
ក្នុង​ផ្ទះ​របស់​ពួក​គេ​ទៀត​ឡើយ!
២៦ ដ្បិត​ពួក​គេ​តាម​ព្យាបាទ​អស់​អ្នក
ដែល​ព្រះអង្គ​បាន​ដាក់​ទោស​រួច​ហើយ
ពួក​គេ​ធ្វើ​អោយ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​វាយ
អោយ​របួស​នោះ រឹងរឹត​តែ​ឈឺ​ចាប់​ថែម​ទៀត។
២៧ សូម​ព្រះអង្គ​កត់ត្រា​ទុក​នូវ​កំហុស​របស់​ពួក​គេ
សូម​កុំ​អត់ទោស​អោយ​ពួក​គេ​ឡើយ!
២៨ សូម​លុប​ឈ្មោះ​ពួក​គេ​ចេញ​ពី​បញ្ជី​ជីវិត
សូម​កុំ​រាប់​ពួក​គេ​ចូល​ទៅ
ក្នុង​ចំណោម​មនុស្ស​អោយ​សោះ​។
២៩ ចំពោះ​ទូលបង្គំ ទូលបង្គំ​ជា​មនុស្ស​កំសត់​ទុគ៌ត
និង​ឈឺ​ចុក​ចាប់ ឱ​ព្រះជាម្ចាស់​អើយ!
សូម​សង្គ្រោះ​ទូលបង្គំ
សូម​លើក​ទូលបង្គំ​ឡើង​វិញ​ផង។
៣០ ខ្ញុំ​នឹង​ច្រៀង​សរសើរ​តម្កើង
ព្រះនាម​ព្រះជាម្ចាស់
ខ្ញុំ​នឹង​ប្រកាស​អំពី​ភាព​ថ្កុំថ្កើង
រុងរឿង​របស់​ព្រះអង្គ ទាំង​កោត​សរសើរ។
៣១ ការ​លើក​តម្កើង​បែប​នេះ
គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់
ជាង​ការ​ថ្វាយ​គោ​ឈ្មោល ឬ
ថ្វាយ​គោ​ឡើង​ក​ទៅ​ទៀត។
៣២ ពេល​មនុស្ស​ទុគ៌ត​ឃើញ​ព្រះអង្គ​រំដោះ​ខ្ញុំ​ដូច្នេះ
គេ​នឹង​មាន​អំណរ​សប្បាយ។
អស់​អ្នក​ដែល​ស្វែង​រក​ព្រះជាម្ចាស់​អើយ
សូម​អោយ​អ្នក​រាល់​គ្នា​មាន​អាយុ​វែង!
៣៣ ដ្បិត​ព្រះអម្ចាស់​ទ្រង់​ព្រះសណ្ដាប់
ពាក្យ​របស់​មនុស្ស​កំសត់​ទុគ៌ត
ហើយ​នៅ​ពេល​ប្រជារាស្ត្រ​របស់​ព្រះអង្គ
ជាប់​ឃុំឃាំង ព្រះអង្គ​មិន​បំភ្លេច​គេ​ឡើយ។
៣៤ សូម​អោយ​ផ្ទៃ​មេឃ និង​ផែនដី
សរសើរ​តម្កើង​ព្រះអង្គ
ហើយ​សូម​អោយ​សមុទ្រ​ទាំងឡាយ
និង​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ
សរសើរ​តម្កើង​ព្រះអង្គ​ដែរ
៣៥ ដ្បិត​ព្រះជាម្ចាស់​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន
ព្រះអង្គ​នឹង​សង់​ក្រុង​ទាំងឡាយ
នៅ​ស្រុក​យូដា​ឡើង​វិញ
ប្រជាជន​នឹង​រស់​នៅ​ក្នុង​ស្រុក
ហើយ​នឹង​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​សា​ជា​ថ្មី។
៣៦ ពូជពង្ស​អ្នក​បំរើ​របស់​ព្រះអង្គ
នឹង​ទទួល​ទឹក​ដី​ជា​មត៌ក
ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះនាម​ព្រះអង្គ
នឹង​តាំង​ទី​លំនៅ​លើ​ទឹក​ដី​នោះ!