៧០
ព្រះអម្ចាស់​អើយ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ
បទ​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។ សំរាប់​ពិធី​រំលឹក។
១ ឱ​ព្រះជាម្ចាស់​អើយ
សូម​យាង​មក​រំដោះ​ទូលបង្គំ​ផង!
ព្រះអម្ចាស់​អើយ
សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់!
២ សូម​អោយ​អស់​អ្នក​ដែល​ប៉ុនប៉ង
ព្យាបាទ​ជីវិត​ទូលបង្គំ
ត្រូវ​អាប់​អោន និង​អាម៉ាស់​មុខ!
សូម​អោយ​អស់​អ្នក​ដែល​ចង់​ធ្វើ​អោយ​ទូលបង្គំ
វេទនា ត្រូវ​ដក​ខ្លួន​ថយ និង​បាក់​មុខ!
៣ សូម​អោយ​អស់​អ្នក​ដែល​សើច​ចំអក​ដាក់​ទូលបង្គំ
ត្រូវ​បរាជ័យ ទាំង​បាត់​បង់​កិត្តិយស!
៤ រីឯ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ​វិញ
សូម​អោយ​គេ​បាន​សប្បាយ​រីករាយ
រួម​ជា​មួយ​ព្រះអង្គ
សូម​អោយ​អស់​អ្នក​ដែល​ស្រឡាញ់
ការ​សង្គ្រោះ​របស់​ព្រះអង្គ
អាច​ថ្លែង​ឥត​ឈប់​ឈរ​ថា
«សូម​លើក​តម្កើង​ព្រះជាម្ចាស់!»
៥ ឱ​ព្រះជាម្ចាស់​អើយ
ទូលបង្គំ​ជា​មនុស្ស​កំសត់​ទុគ៌ត
សូម​ប្រោសប្រណី​ដល់​ទូលបង្គំ​ផង!
ព្រះអង្គ​តែងតែ​សង្គ្រោះ និង​រំដោះ​ទូលបង្គំ
ឱ​ព្រះអម្ចាស់​អើយ សូម​យាង​មក​កុំ​បង្អង់​ឡើយ!