៧៧
ពេល​មាន​ទុក្ខ ទូលបង្គំ​នឹក​ឃើញ​ពី​ការ​អស្ចារ្យ​របស់​ព្រះអង្គ​កាល​ពី​ជំនាន់​ដើម
បទ​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ សំរាប់​លោក​យេឌូថិន។ ទំនុក​របស់​លោក​អេសាភ។
១ ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​ព្រះជាម្ចាស់
ខ្ញុំ​ស្រែក​អង្វរ​ព្រះអង្គ
ខ្ញុំ​បន្លឺ​សំឡេង​ទៅ​កាន់​ព្រះជាម្ចាស់
ព្រះអង្គ​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​ខ្ញុំ។
២ នៅ​ថ្ងៃ​មាន​អាសន្ន ខ្ញុំ​ស្វែង​រក​ព្រះអម្ចាស់
នៅ​ពេល​យប់ ខ្ញុំ​លើក​ដៃ​អង្វរ​ព្រះអង្គ
ឥត​ឈប់​ឈរ
ខ្ញុំ​មិន​ចង់​អោយ​នរណា​សំរាល​ទុក្ខ​ខ្ញុំ​សោះ​ឡើយ។
៣ ពេល​នឹក​ដល់​ព្រះជាម្ចាស់ ខ្ញុំ​ស្រែក​ថ្ងូរ
ហើយ​ពេល​រំពឹង​គិត ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ដែរ។
- សំរាក
៤ ព្រះអម្ចាស់​អើយ ព្រះអង្គ​ធ្វើ​អោយ​ទូលបង្គំ
ទទួល​ទាន​ដំណេក​មិន​លក់​សោះ
ទូលបង្គំ​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត រក​និយាយ​អ្វី​មិន​កើត។
៥ ទូលបង្គំ​រំពឹង​គិត​អំពី​អតីតកាល
គឺ​ពី​ជំនាន់​ដើម​ដ៏​យូរលង់​ណាស់​មក​ហើយ
៦ ទូលបង្គំ​រិះគិត​ដដែលៗ ពេញ​មួយ​យប់
ទូលបង្គំ​ចេះ​តែ​ត្រិះរិះ​ពិចារណា​នៅ​ក្នុង​ចិត្ត
ដើម្បី​ស្វែង​យល់​ថា
៧ តើ​ព្រះអម្ចាស់​បោះ​បង់​ចោល​យើង​រហូត​ឬ?
តើ​ព្រះអង្គ​មិន​គាប់​ព្រះហឫទ័យ
នឹង​យើង​ទៀត​ទេ​ឬ?
៨ តើ​ព្រះអង្គ​លែង​មាន​ព្រះហឫទ័យ
មេត្តា​ករុណា​ចំពោះ​យើង​ហើយ​ឬ?
តើ​ព្រះអង្គ​នៅ​ស្ងៀម​លែង​មាន​ព្រះបន្ទូល
មក​យើង​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ឬ?
៩ តើ​ព្រះជាម្ចាស់ ភ្លេច​សំដែង​ព្រះហឫទ័យ
ប្រណី​សន្ដោស​ចំពោះ​យើង​ហើយ​ឬ?
នៅ​ពេល​ព្រះអង្គ​ទ្រង់​ព្រះពិរោធ
តើ​ព្រះអង្គ​ឈប់​អាណិត​អាសូរ​យើង​ហើយ​ឬ?
- សំរាក
១០ ទូលបង្គំ​គិត​ទៀត​ថា ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ
មក​ពី​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត
លែង​សំដែង​ព្រះបារមី​ជួយ​យើង​ទៀត​ហើយ!
១១ ព្រះអម្ចាស់​អើយ ទូលបង្គំ​រំលឹក​ឡើង​វិញ
នូវ​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ
ទូលបង្គំ​នៅ​ចាំ​ពី​កិច្ចការ​ដ៏​អស្ចារ្យ
ដែល​ព្រះអង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។
១២ ទូលបង្គំ​រិះគិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន
ដែល​ព្រះអង្គ​បាន​ធ្វើ
ទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះហស្ដ
ដ៏​ថ្កុំថ្កើង​របស់​ព្រះអង្គ។
១៣ ព្រះជាម្ចាស់​អើយ
មាគ៌ា​របស់​ព្រះអង្គ​ជា​មាគ៌ា​ដ៏វិសុទ្ធ
គ្មាន​ព្រះ​ឯ​ណា​ទៀត​ធំ​ឧត្ដុង្គឧត្ដម
ដូច​ព្រះអង្គ​ឡើយ។
១៤ មាន​តែ​ព្រះអង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ
ព្រះអង្គ​បាន​សំដែង​ឫទ្ធានុភាព
អោយ​ជាតិ​សាសន៍​នានា​ឃើញ។
១៥ ព្រះអង្គ​បាន​ប្រើ​ឫទ្ធិបារមី
លោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ
គឺ​ព្រះអង្គ​បាន​រំដោះ​ពូជពង្ស​របស់​លោក​យ៉ាកុប
និង​ពូជពង្ស​របស់​លោក​យ៉ូសែប។
- សំរាក
១៦ ឱ​ព្រះជាម្ចាស់​អើយ
ទឹក​សមុទ្រ​បាន​ឃើញ​ព្រះអង្គ!
ពេល​ទឹក​សមុទ្រ​បាន​ឃើញ​ព្រះអង្គ វា​ពុះ​កញ្ជ្រោល
សូម្បី​តែ​បាត​សមុទ្រ​ក៏​រញ្ជួយ​ញាប់ញ័រ​ដែរ។
១៧ មាន​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​ពី​លើ​មេឃ
ដូច​ទឹក​ជ្រោះ​ធ្លាក់
ហើយ​ក៏​មាន​ផ្គរលាន់​ឮ​ពី​លើ​មេឃ
មក​យ៉ាង​ខ្លាំង​ដែរ
រន្ទះ​របស់​ព្រះអង្គ​ភ្លឺផ្លេក​ពាសពេញ​ផ្ទៃ​មេឃ។
១៨ នៅ​ពេល​ផ្គរលាន់​បន្លឺ​សំឡេង​យ៉ាង​គគ្រឹកគគ្រេង
ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ភ្លឺ​ចាំង​មក​លើ​ពិភព​លោក
ធ្វើ​អោយ​ផែនដី​រញ្ជួយ​ញាប់ញ័រ។
១៩ ព្រះអង្គ​យាង​កាត់​សមុទ្រ
ព្រះអង្គ​យាង​កាត់​មហាសាគរ
គ្មាន​នរណា​អាច​រក​ដាន​ព្រះបាទា
របស់​ព្រះអង្គ​ឃើញ​ទេ។
២០ ព្រះអង្គ​ដឹក​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ
តាម​រយៈ​លោក​ម៉ូសេ និង​លោក​អើរ៉ុន
ដូច​អ្នក​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម​ដែរ។