៨៣
ឱ​ព្រះជាម្ចាស់​អើយ សូម​កុំ​នៅ​សំងំ​ស្ងៀម​ឡើយ!
ចំរៀង​តម្កើង​ព្រះជាម្ចាស់។ ទំនុកតម្កើង​របស់​លោក​អេសាភ។
១ ឱ​ព្រះជាម្ចាស់​អើយ
សូម​កុំ​នៅ​សំងំ​ស្ងៀម​ឡើយ!
ឱ​ព្រះជាម្ចាស់​អើយ សូម​កុំ​នៅ​ស្ងៀម​ស្ងាត់
ឥត​កំរើក​ដូច្នេះ!
២ ដ្បិត​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ
កំពុង​តែ​ធ្វើ​សកម្មភាព
អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ
កំពុង​តែ​នាំ​គ្នា​បះបោរ។
៣ ពួក​គេ​រៀបចំ​គំរោងការ​ប្រឆាំង
នឹង​ប្រជារាស្ត្រ​របស់​ព្រះអង្គ
ហើយ​ឃុបឃិត​គ្នា​ប្រឆាំង​នឹង​អស់​អ្នក
ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអង្គ។
៤ ពួក​គេ​ពោល​ថា “តោ៎ះ! យើង​នាំ​គ្នា​ទៅ​ប្រហារ
ជាតិ​សាសន៍​នោះ​អោយ​រលាយ​សូន្យ
ដើម្បី​កុំ​អោយ​នរណា​នឹក​ឃើញ
ឈ្មោះ​អ៊ីស្រាអែល​ទៀត!”។
៥ ពួក​គេ​ពិភាក្សា​គ្នា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ
គេ​ចុះ​សន្ធិសញ្ញា​ជា​មួយ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ
៦ គឺ​មាន​ជន​ជាតិ​អេដុម ជន​ជាតិ​អ៊ីស្មាអែល
ជន​ជាតិ​ម៉ូអាប់ ជន​ជាតិ​ហាការេន
៧ ជន​ជាតិ​កេបាល ជន​ជាតិ​អាំម៉ូន
ជន​ជាតិ​អាម៉ាឡេក
ជន​ជាតិ​ភីលីស្ទីន និង​អ្នក​ស្រុក​ទីរ៉ុស
៨ ហើយ​សូម្បី​តែ​ជន​ជាតិ​អាស្ស៊ីរី​ក៏​ចូល​រួម​ជា​មួយ​ដែរ
គឺ​ពួក​គេ​បាន​ចូល​ដៃ​ជា​មួយ
ពូជពង្ស​របស់​លោក​ឡុត។
- សំរាក
៩ សូម​ប្រព្រឹត្ត​ចំពោះ​ពួក​គេ
ដូច​ព្រះអង្គ​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​ម៉ាឌាន
លោក​ស៊ីសេរ៉ា និង​ស្ដេច​យ៉ាប៊ីន
នៅ​ត្រង់​ទឹក​ជ្រោះ​គីសូន​ដែរ!
១០ ព្រះអង្គ​បាន​ប្រហារ​ពួក​គេ
អោយ​វិនាស​នៅ​អេន-ដោរ
ហើយ​សាកសព​របស់​ពួក​គេ​បាន​ក្លាយ​ទៅ​ជា​ជី។
១១ សូម​ដាក់​ទោស​អ្នក​ដឹក​នាំ​របស់​គេ
ដូច​ព្រះអង្គ​បាន​ដាក់​ទោស​ស្ដេច​អូរឹប
និង​ស្ដេច​សៀប ហើយ​ដាក់​ទោស​មេ​របស់​គេ
ដូច​ព្រះអង្គ​បាន​ដាក់​ទោស​សេបា
និង​សាល់មូណា​ដែរ ១២ ដ្បិត​ពួក​គេ​បាន​និយាយ​ថា
“យើង​នាំ​គ្នា​វាយ​ដណ្ដើម​យក
ទឹក​ដី​របស់​ព្រះជាម្ចាស់!”។
១៣ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ
សូម​អោយ​ពួក​គេ​បាន​ដូច​ធូលី​ដី​ដែល​ត្រូវ​ខ្យល់​កួច
ឬ​ដូច​ចំបើង​ដែល​ត្រូវ​ខ្យល់​ផាត់​យក​ទៅ។
១៤ ភ្លើង​ឆាបឆេះ​ព្រៃ
ឬ​អណ្ដាត​ភ្លើង​ឆាបឆេះ​ភ្នំ​យ៉ាង​ណា
១៥ សូម​ប្រើ​ខ្យល់​ព្យុះ​របស់​ព្រះអង្គ​ដេញ​តាម​ពួក​គេ
និង​ប្រើ​ព្យុះ​សង្ឃរា​របស់​ព្រះអង្គ
ធ្វើ​អោយ​ពួក​គេ​ញ័រ​រន្ធត់​យ៉ាង​នោះ​ដែរ។
១៦ ឱ​ព្រះអម្ចាស់​អើយ
សូម​ធ្វើ​អោយ​ពួក​គេ​អាម៉ាស់​មុខ
ដើម្បី​អោយ​គេ​ស្វែង​រក​ព្រះនាម​របស់​ព្រះអង្គ។
១៧ សូម​អោយ​ពួក​គេ​បាក់​មុខ បាក់ស្បាត​រហូត​ត​ទៅ
សូម​អោយ​ពួក​គេ​ងើប​មុខ​មិន​រួច
ហើយ​វិនាស​សូន្យ​ទៅ!
១៨ សូម​អោយ​គេ​ទទួល​ស្គាល់​ថា
មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះអម្ចាស់
ព្រះអង្គ​ជា​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត
នៅ​លើ​ផែនដី​ទាំង​មូល!។