៩០
ភាគ​ទី​បួន
(ទំនុកតម្កើង ៩០-១០៦)
មនុស្ស​លោក​តែងតែ​ស្លាប់ តែ​ព្រះជាម្ចាស់​គង់​នៅ​រហូត
ពាក្យ​អធិស្ឋាន​របស់​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះជាម្ចាស់។
១ ឱ​ព្រះអម្ចាស់​អើយ
ព្រះអង្គ​ធ្លាប់​ធ្វើ​ជា​ជំរក​របស់​យើង​ខ្ញុំ
ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។
២ មុន​ពេល​ភ្នំ​នានា​កកើត​ឡើង
ហើយ​មុន​ពេល​ព្រះអង្គ​បង្កើត​ផែនដី
និង​ពិភព​លោក​មក​នោះ
ព្រះអង្គ​ជា​ព្រះជាម្ចាស់​តាំង​ពី​អស់កល្ប​រៀង​មក។
៣ ព្រះអង្គ​បាន​ធ្វើ​អោយ​មនុស្ស​លោក
វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ
គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា
«ពូជពង្ស​របស់​អដាំ​អើយ ចូរ​វិល​ទៅ​វិញ​ទៅ!»
៤ ចំពោះ​ព្រះអង្គ រយៈ​ពេល​មួយ​ពាន់​ឆ្នាំ
ប្រៀប​បាន​ដូច​ថ្ងៃ​ម្សិលមិញ​ដែល​កន្លង​ផុត​ទៅ
ឬ​ដូច​មួយ​យាម​ក្នុង​ពេល​យប់។
៥ ព្រះអង្គ​បាន​ដក​ជីវិត​ចេញ​ពី​មនុស្ស​លោក
គឺ​ជីវិត​របស់​គេ​ប្រៀប​បាន
នឹង​ការ​លង់លក់​មួយ​ស្របក់​ប៉ុណ្ណោះ។
ជីវិត​របស់​គេ​ប្រៀប​បី​ដូច​ជា​ស្មៅ
៦ នៅ​ពេល​ព្រឹក​វា​ដុះ​ចេញ​មក
ហើយ​លូត​លាស់​ឡើង
នៅ​ពេល​ល្ងាច​វា​ស្រពោន
ហើយ​ក្រៀម​ស្ងួត​អស់​ទៅ។
៧ យើង​ខ្ញុំ​ត្រូវ​វិនាស
ដោយសារ​ព្រះពិរោធ​របស់​ព្រះអង្គ
ហើយ​យើង​ខ្ញុំ​ញ័ររន្ធត់
ដោយសារ​ព្រះអង្គ​ខ្ញាល់​យ៉ាង​ខ្លាំង។
៨ ព្រះអង្គ​យក​កំហុស​របស់​យើង​ខ្ញុំ
មក​លាត​ត្រដាង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ
ហើយ​ពន្លឺ​របស់​ព្រះអង្គ
ចាំង​អោយ​ឃើញ​អំពើ​ទាំង​ប៉ុន្មាន
ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង។
៩ ដោយសារ​ព្រះអង្គ​ដាក់​ទោស​យើង​ខ្ញុំ
ជីវិត​របស់​យើង​ខ្ញុំ​កាន់​តែ​ដុនដាប​ទៅៗ
ហើយ​អាយុ​ជីវិត​ត្រូវ​ចប់​ដូច​មួយ​ដង្ហើម។
១០ អាយុ​ជីវិត​របស់​យើង​ខ្ញុំ​បាន​ត្រឹម​តែ​ចិតសិប​ឆ្នាំ
ប៉ុណ្ណោះ អ្នក​មាំមួន​ជាង​គេ​រស់​បាន​ប៉ែតសិប​ឆ្នាំ
ប៉ុន្តែ ក្នុង​រយៈ​ពេល​ដែល​យើង​ខ្ញុំ​រស់​នោះ
យើង​ខ្ញុំ​តែងតែ​ខ្វល់​ខ្វាយ
និង​មាន​ទុក្ខ​លំបាក​ជា​ច្រើន
អាយុ​ជីវិត​យើង​ខ្ញុំ​ឈាន​ទៅ​មុខ​យ៉ាង​លឿន
បោះពួយ​ទៅ​រក​សេចក្ដី​ស្លាប់។
១១ តើ​នរណា​អាច​ស្គាល់​កម្លាំង
នៃ​ព្រះពិរោធ​របស់​ព្រះអង្គ​បាន?
តើ​នរណា​អាច​ស្គាល់​ព្រះពិរោធ​នេះ
ដើម្បី​គោរព​កោត​ខ្លាច
ព្រះអង្គ​យ៉ាង​ត្រឹម​ត្រូវ​បាន?
១២ សូម​ណែនាំ​យើង​ខ្ញុំ​អោយ​ដឹង​ច្បាស់​ថា
អាយុ​ជីវិត​យើង​ខ្ញុំ​កំណត់​ត្រឹម​ណា
ដើម្បី​អោយ​ចិត្ត​យើង​ខ្ញុំ​ចេះ​រិះគិត
ប្រកប​ដោយ​ប្រាជ្ញា។
១៣ ព្រះអម្ចាស់​អើយ សូម​យាង​មក​វិញ
តើ​ព្រះអង្គ​នៅ​បង្អង់​ដល់​កាល​ណា​ទៀត
សូម​អាណិត​មេត្តា​យើង​ខ្ញុំ
ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ផង!
១៤ សូម​សំដែង​ព្រះហឫទ័យ​មេត្តាករុណា
ដ៏​លើសលប់​ចំពោះ​យើង​ខ្ញុំ​តាំង​ពី​ព្រលឹម
នោះ​យើង​ខ្ញុំ​នឹង​មាន​អំណរ​សប្បាយ​រីករាយ
អស់​មួយ​ជីវិត។
១៥ ព្រះអង្គ​បាន​ធ្វើ​អោយ​យើង​ខ្ញុំ​កើត​ទុក្ខ
អស់​រយៈ​ពេល​យ៉ាង​យូរ
ហើយ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ឆ្នាំ​យ៉ាង​ណា
សូម​ប្រោស​ប្រទាន​អោយ​យើង​ខ្ញុំ
មាន​អំណរ​សប្បាយ​យ៉ាង​នោះ​ដែរ។
១៦ សូម​សំដែង​អោយ​យើង​ខ្ញុំ​បាន​ឃើញ
ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ
ហើយ​សំដែង​អោយ​កូន​ចៅ​យើង​ខ្ញុំ
បាន​ឃើញ​ភាព​ថ្កុំថ្កើង​របស់​ព្រះអង្គ​ផង។
១៧ ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ
សូម​សំដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​ខ្ញុំ​ផង
សូម​ជួយ​អោយ​កិច្ចការ​ដែល​យើង​ខ្ញុំ​ធ្វើ​បាន​ខ្ជាប់ខ្ជួន
ពិត​មែន​ហើយ
សូម​ជួយ​អោយ​កិច្ចការ​របស់​យើង​ខ្ញុំ
បាន​ខ្ជាប់ខ្ជួន​រហូត​ត​ទៅ។