៩៦
ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះអម្ចាស់!
១ ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះអម្ចាស់!
មនុស្ស​នៅ​ផែនដី​ទាំង​មូល​អើយ
ចូរ​ច្រៀង​ថ្វាយ​ព្រះអម្ចាស់!
២ ចូរ​ច្រៀង​ថ្វាយ​ព្រះអម្ចាស់
និង​សរសើរ​តម្កើង​ព្រះនាម​ព្រះអង្គ
ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ
អំពី​ការ​សង្គ្រោះ​របស់​ព្រះអង្គ។
៣ ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា
អំពី​សិរីរុងរឿង​របស់​ព្រះអង្គ
ហើយ​ប្រកាស​នៅ​ក្នុង​ចំណោម
ប្រជាជន​ទាំងឡាយ អំពី​ស្នា​ព្រះហស្ដ
ដ៏​អស្ចារ្យ​របស់​ព្រះអង្គ!
៤ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម
ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត
ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។
៥ ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានា
សុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់
រីឯ​ព្រះអម្ចាស់​វិញ
ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។
៦ មាន​ពន្លឺ​រស្មី​ចិញ្ចែងចិញ្ចាច
ចាំង​ចេញ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ
ព្រះដំណាក់​របស់​ព្រះអង្គ​ពោរពេញ
ទៅ​ដោយ​ឫទ្ធិបារមី​ដ៏​ថ្កុំថ្កើង​រុងរឿង។
៧ ប្រជាជាតិ​ទាំងឡាយ​អើយ
ចូរ​នាំ​គ្នា​លើក​តម្កើង​សិរីរុងរឿង​ព្រះអម្ចាស់
ហើយ​ថ្លែង​អំពី​ឫទ្ធានុភាព​របស់​ព្រះអង្គ។
៨ ចូរ​លើក​តម្កើង​សិរីរុងរឿង
ព្រះនាម​របស់​ព្រះអម្ចាស់!
ចូរ​នាំ​គ្នា​យក​តង្វាយ​ចូល​មក
ក្នុង​ព្រះវិហារ​របស់​ព្រះអង្គ!
៩ ចូរ​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអម្ចាស់
នៅ​ពេល​ព្រះអង្គ​សំដែង​ភាព​វិសុទ្ធ​របស់​ព្រះអង្គ!
មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ
ចូរ​ញាប់ញ័រ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ​ចុះ!
១០ ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជាជាតិ​នានា​ថា
ព្រះអម្ចាស់​គ្រង​រាជ្យ
ពិភព​លោក​រឹងមាំ​ឥត​រង្គើ​សោះ​ឡើយ។
ព្រះអម្ចាស់​គ្រប់គ្រង​លើ​ប្រជារាស្ត្រ​នានា
ដោយ​យុត្តិធម៌។
១១ ចូរ​អោយ​ផ្ទៃ​មេឃ​មាន​អំណរ​សប្បាយ
អោយ​ផែនដី​បាន​រីករាយ​ឡើង
ហើយ​សមុទ្រ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ
បន្លឺ​សំឡេង​យ៉ាង​អឺងកង!
១២ ចូរ​អោយ​ស្រែ​ចំការ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ទី​នោះ
ត្រេកអរ​សប្បាយ
ចូរ​អោយ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន
ស្រែក​ហ៊ោ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់
១៣ ដ្បិត​ព្រះអង្គ​យាង​មក​ហើយ
ព្រះអង្គ​យាង​មក​វិនិច្ឆ័យ​ទោស​ផែនដី
ព្រះអង្គ​វិនិច្ឆ័យ​ទោស​ផែនដី ដោយ​យុត្តិធម៌
ព្រះអង្គ​វិនិច្ឆ័យ​ប្រជាជន​ទាំងឡាយ
ដោយ​ទៀង​ត្រង់។