១០៣
ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះនាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​អស់​ពី​ដួង​ចិត្ត!
ទំនុក​របស់​ស្ដេច​ដាវីឌ។
១ ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះអម្ចាស់!
ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះនាម​ដ៏វិសុទ្ធ
របស់​ព្រះអង្គ​អស់​ពី​ដួង​ចិត្ត!
២ ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះអម្ចាស់
ដោយ​ឥត​ភ្លេច​ពី​កិច្ចការ​ណា​មួយ​ដែល​ព្រះអង្គ
បាន​ធ្វើ​ដោយ​ព្រះហឫទ័យ​សប្បុរស​នោះ​ឡើយ!
៣ ព្រះអង្គ​បាន​អត់ទោស​នូវ​កំហុស​ទាំង​ប៉ុន្មាន
ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត
ព្រះអង្គ​ប្រោស​ខ្ញុំ​អោយ​បាន​ជា​ពី​ជំងឺ​គ្រប់​យ៉ាង
៤ ព្រះអង្គ​បាន​រំដោះ​ជីវិត​ខ្ញុំ​អោយ​រួច​ពី​រណ្ដៅ
ព្រះអង្គ​តែង​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា
និង​អាណិតអាសូរ​ចំពោះ​ខ្ញុំ​យ៉ាង​បរិបូណ៌
៥ ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ​រស់​នៅ
ប្រកប​ដោយ​សុភមង្គល
ហើយ​ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ
មាន​កម្លាំង​ឡើង​វិញ​ដូច​សត្វ​ឥន្ទ្រី។
៦ ព្រះអម្ចាស់​ប្រព្រឹត្ត​ដោយ​សុចរិត
ព្រះអង្គ​រក​យុត្តិធម៌​អោយ
អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់សង្កិន។
៧ ព្រះអង្គ​បង្ហាញ​អោយ​លោក​ម៉ូសេ
ស្គាល់​គំរោងការ​របស់​ព្រះអង្គ
ព្រះអង្គ​បង្ហាញ​អោយ​ប្រជាជន​អ៊ីស្រាអែល
ស្គាល់​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ។
៨ ព្រះអម្ចាស់​ប្រកប​ដោយ​ព្រះហឫទ័យ
អាណិតអាសូរ ព្រះអង្គ​តែងតែ​ប្រណីសន្ដោស
ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់
ហើយ​ពោរពេញ​ទៅ​ដោយ​ព្រះហឫទ័យ​មេត្តាករុណា។
៩ ព្រះអង្គ​មិន​បន្ទោស​ជានិច្ច​កាល​ទេ
ហើយ​ព្រះអង្គ​ក៏​មិន​ព្រះពិរោធ​រហូត​ដែរ។
១០ ព្រះអង្គ​មិន​ដាក់​ទោស​យើង
អោយ​សម​នឹង​អំពើ​បាប
ដែល​យើង​ប្រព្រឹត្ត​នោះ​ឡើយ
ហើយ​ព្រះអង្គ​ក៏​មិន​អោយ​យើង​ទទួល​ទោស
សម​នឹង​កំហុស​របស់​យើង​នោះ​ដែរ។
១១ ផ្ទៃ​មេឃ​ខ្ពស់​ពី​ផែនដី​យ៉ាង​ណា
ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
ក៏​ខ្ពស់​យ៉ាង​នោះ​ដែរ។
១២ ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា
ព្រះអង្គ​ក៏​ដក​កំហុស​របស់​យើង
ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។
១៣ ឪពុក​អាណិតអាសូរ​កូន​របស់​ខ្លួន​យ៉ាង​ណា
ព្រះអម្ចាស់​ក៏​អាណិតអាសូរ​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ​យ៉ាង​នោះ​ដែរ
១៤ ដ្បិត​ព្រះអង្គ​ជ្រាប​ថា​យើង​មាន​ដើម​កំណើត​ពី​អ្វី
គឺ​ព្រះអង្គ​ឥត​ភ្លេច​ទេ​ថា
មនុស្ស​យើង​មាន​កំណើត​មក​ពី​ធូលី​ដី។
១៥ ជីវិត​មនុស្ស​យើង​ប្រៀប​បាន​នឹង​ស្មៅ
ឬ​ដូច​ជា​ផ្កា​ដែល​រីក​ឡើង​នៅ​ទី​វាល
១៦ ពេល​ណា​មាន​ខ្យល់​បក់​មក
វា​ក៏​រុះរោយ​បាត់​អស់​ទៅ
ឥត​មាន​ទុក​ស្នាម​អ្វី​សោះ​ឡើយ។
១៧ តែ​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអម្ចាស់
ស្ថិត​នៅ​អស់កល្ប​ជានិច្ច
ជា​មួយ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
ព្រះអង្គ​ក៏​នឹង​សំដែង​ព្រះហឫទ័យ​ស្មោះស្ម័គ្រ
ចំពោះ​កូន​ចៅ​របស់​គេ នៅ​ជំនាន់​ក្រោយ​ដែរ
១៨ ប្រសិន​បើ​គេ​កាន់​តាម​សម្ពន្ធមេត្រី​របស់​ព្រះអង្គ
ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ​បញ្ជា
របស់​ព្រះអង្គ​ឥត​ភ្លេច​សោះ​ឡើយ។
១៩ ព្រះអម្ចាស់​បាន​តាំង​បល្ល័ង្ក​របស់​ព្រះអង្គ
នៅ​ស្ថាន​បរមសុខ
ព្រះអង្គ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់។
២០ ទេវតា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអម្ចាស់​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
អស់​លោក​តែងតែ​អនុវត្ត​តាម
ព្រះបន្ទូល​របស់​ព្រះអង្គ
ហើយ​ស្ដាប់​តាម​ព្រះបញ្ជា​របស់​ព្រះអង្គ​ជានិច្ច។
២១ អស់​លោក​ដែល​ជា​កងពល​របស់​ព្រះអម្ចាស់​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
អស់​លោក​តែងតែ​បំរើ​ព្រះអង្គ
ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ជានិច្ច!
២២ ឱ​ស្នា​ព្រះហស្ដ​ទាំងឡាយ​របស់​ព្រះអម្ចាស់​អើយ
ទោះ​បី​នៅ​ទី​ណា​ក្ដី ក៏​អ្នក​រាល់​គ្នា​ស្ថិត​នៅ
ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអង្គ​ដែរ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ!
ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះអម្ចាស់!