១០៩
សូម​អោយ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុកតម្កើង​របស់​ស្ដេច​ដាវីឌ។
១ ឱ​ព្រះ​ដែល​ទូលបង្គំ
សរសើរ​តម្កើង​អើយ
សូម​កុំ​នៅ​ស្ងៀម​ទៀត​ឡើយ!
២ ដ្បិត​មនុស្ស​អាក្រក់ និង​មនុស្ស​មាន​ល្បិច
នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ទូលបង្គំ
គេ​និយាយ​កុហក​ទាស់​នឹង​ទូលបង្គំ។
៣ គេ​ពោល​ពាក្យ​សំអប់​មក​លើ​ទូលបង្គំ
ហើយ​វាយ​ប្រហារ​ទូលបង្គំ
ដោយ​ឥត​មាន​មូល​ហេតុ​អ្វី​ទាល់​តែ​សោះ។
៤ ទូលបង្គំ​ស្រឡាញ់​ពួក​គេ
ប៉ុន្តែ ពួក​គេ​បែរ​ជា​ចោទ​ប្រកាន់​ទូលបង្គំ
ទូលបង្គំ​បាន​អធិស្ឋាន​អោយ​ពួក​គេ។
៥ ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​មក​លើ​ទូលបង្គំ
តប​សង​នឹង​អំពើ​ល្អ ហើយ​សំដែង​ចិត្ត​ស្អប់
តប​សង​នឹង​សេចក្ដី​ស្រឡាញ់។
៦ សូម​ដាក់​មនុស្ស​កំណាច​ម្នាក់​អោយ​ត្រួត
ពី​លើ​អ្នក​នោះ
ហើយ​ម្នាក់​ទៀត​ឈរ​នៅ​ខាង​ស្ដាំ
ដើម្បី​ចោទ​ប្រកាន់​។
៧ សូម​អោយ​អ្នក​នោះ​ទទួល​ទោស​នៅ​ពេល​ជំនុំជំរះ
ហើយ​សូម​អោយ​ពាក្យ​អធិស្ឋាន​របស់​គេ
ក្លាយ​ទៅ​ជា​អំពើ​បាប​ទៅ​វិញ។
៨ សូម​កុំ​អោយ​គេ​រស់​បាន​យូរ​ឡើយ
សូម​អោយ​មាន​ម្នាក់​ទៀត​កាន់​តំណែង​ជំនួស។
៩ សូម​អោយ​កូន​ចៅ​របស់​គេ​ក្លាយ​ទៅ​ជា​ក្មេង​កំព្រា
ហើយ​ប្រពន្ធ​របស់​គេ​ក្លាយ​ទៅ​ជា​ស្ត្រី​មេម៉ាយ!។
១០ សូម​អោយ​កូន​របស់​អ្នក​នោះ
ក្លាយ​ទៅ​ជា​មនុស្ស​អនាថា​ដើរ​សុំ​ទាន
ហើយ​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​លំនៅ
ដែល​រលំ​បាក់​បែក!
១១ សូម​អោយ​ម្ចាស់​បំណុល​មក​រឹប​អូស​អ្វីៗ
ដែល​គេ​មាន
ហើយ​អោយ​ជន​បរទេស​មក​ប្លន់​យក​អ្វីៗ
ដែល​គេ​ខំ​ប្រឹង​រក​បាន!
១២ សូម​កុំ​អោយ​មាន​នរណា​ម្នាក់​សំដែង​ចិត្ត​មេត្តា
ករុណា​ចំពោះ​គេ​ឡើយ
ហើយ​ក៏​កុំ​អោយ​មាន​នរណា​ម្នាក់​អាណិត
អាសូរ​កូន​ចៅ​របស់​គេ​ដែល​នៅ​កំព្រា​ដែរ!
១៣ សូម​ដក​ជីវិត​ពូជពង្ស​របស់​គេ
ហើយ​លុប​បំបាត់​នាម​ត្រកូល​របស់​គេ
នៅ​ជំនាន់​ក្រោយ!
១៤ សូម​ព្រះអម្ចាស់​ចង​ចាំ​នូវ​កំហុស​ដែល​ដូនតា
របស់​គេ​បាន​ប្រព្រឹត្ត
ហើយ​កុំ​អោយ​ព្រះអង្គ​ភ្លេច​អំពើ​បាប
ដែល​ម្ដាយ​របស់​គេ​បាន​ប្រព្រឹត្ត​ដែរ!
១៥ សូម​ព្រះអម្ចាស់​ចង​ចាំ​នូវ​អំពើ​បាប​របស់​ពួក​គេ​ជានិច្ច
ពេល​ពួក​គេ​ស្លាប់ សូម​ព្រះអង្គ
ធ្វើ​កុំ​អោយ​មាន​នរណា​នឹកនា​ដល់​ពួក​គេ​ឡើយ!
១៦ ដ្បិត​ជន​នេះ​ពុំ​បាន​នឹក​សំដែង​ចិត្ត​មេត្តាករុណា​សោះ
គេ​បាន​ធ្វើ​បាប​មនុស្ស​កំសត់​ទុគ៌ត
ព្រម​ទាំង​សម្លាប់​អ្នក​ដែល​មាន​ចិត្ត
សោក​សង្រេង​ទៀត​ផង។
១៧ គេ​ចូល​ចិត្ត​ដាក់​បណ្ដាសា
ដូច្នេះ សូម​អោយ​គេ​ត្រូវ​បណ្ដាសា​ចុះ!
គេ​មិន​ពេញ​ចិត្ត​នឹង​ពរ​ទេ ដូច្នេះ
សូម​កុំ​អោយ​មាន​នរណា​ជូន​ពរ​គេ​ឡើយ!
១៨ សូម​អោយ​គេ​យក​បណ្ដាសា​គ្រប​ដណ្ដប់​ពី​លើ​គេ
សូម​អោយ​បណ្ដាសា​ចូល​ទៅ​ក្នុង​ខ្លួន​គេ​ដូច​ទឹក
ហើយ​ចូល​ទៅ​ក្នុង​ឆ្អឹង​គេ​ដូច​ខ្លាញ់!
១៩ សូម​អោយ​បណ្ដាសា​បាន​ដូច​ជា​សម្លៀកបំពាក់
បិទបាំង​កាយ​ពួក​គេ
ហើយ​រុំ​ព័ទ្ធ​ខ្លួន​គេ​ជានិច្ច​ដូច​ខ្សែ​ក្រវាត់។
២០ អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ
និង​អស់​អ្នក​ដែល​និយាយ​អាក្រក់​ប្រឆាំង​នឹង​ខ្ញុំ
សូម​អោយ​គេ​ទទួល​ទោស​ពី​ព្រះអម្ចាស់
បែប​នេះ​ឯង!
២១ ឱ​ព្រះជាអម្ចាស់​អើយ សូម​ព្រះអង្គ​មេត្តា
ជួយ​ទូលបង្គំ​ដោយ​យល់​ដល់​ព្រះនាម​ព្រះអង្គ
ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តាករុណា
ដ៏​លើសលប់ សូម​រំដោះ​ទូលបង្គំ​ផង!
២២ ទូលបង្គំ​ជា​មនុស្ស​កំសត់​ទុគ៌ត
ទូលបង្គំ​របួស​ដួង​ចិត្ត។
២៣ ទូលបង្គំ​កំពុង​តែ​រសាត់​បាត់​ទៅ
ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច
គេ​កំចាត់​ទូលបង្គំ​ដូច​កំចាត់​សត្វ​ល្អិត។
២៤ ទូលបង្គំ​ទន់​ជង្គង់
ព្រោះ​តែ​តម​អាហារ​យូរ​ពេក
ទូលបង្គំ​ស្គម​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។
២៥ ពេល​មនុស្សម្នា​ឃើញ​ទូលបង្គំ គេ​នាំ​គ្នា
សើច​ចំអក និង​គ្រវី​ក្បាល​ដាក់​ទូលបង្គំ។
២៦ ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
សូម​ជួយ​ទូលបង្គំ​ផង! សូម​សង្គ្រោះ​ទូលបង្គំ
ដោយ​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ!
២៧ សូម​អោយ​អ្នក​ទាំង​នោះ​ទទួល​ស្គាល់​ថា
ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ
ដោយ​ឫទ្ធិបារមី​របស់​ព្រះអង្គ។
២៨ ទោះ​បី​អ្នក​ទាំង​នោះ​ដាក់​បណ្ដាសា​ទូលបង្គំ
ក៏​ដោយ ក៏​ព្រះអង្គ​ប្រទាន​ពរ​អោយ​ទូលបង្គំ​ដែរ
ប្រសិន​បើ​ពួក​គេ​វាយ​ប្រហារ​ទូលបង្គំ
ពួក​គេ​មុខ​ជា​ត្រូវ​បាក់​មុខ
ហើយ​ទូលបង្គំ​ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ
នឹង​មាន​អំណរ​សប្បាយ។
២៩ សូម​អោយ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ទូលបង្គំ
ត្រូវ​អាម៉ាស់​មុខ សូម​អោយ​សេចក្ដី​អាម៉ាស់
នៅ​ជាប់​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ!
៣០ ខ្ញុំ​នឹង​បន្លឺ​សំឡេង​លើក​តម្កើង​ព្រះអម្ចាស់
ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ក្នុង​ចំណោម
បណ្ដាជន​ដ៏​ច្រើន​កុះករ!
៣១ ដ្បិត​ព្រះអង្គ​ការពារ​ជន​កំសត់​ទុគ៌ត
ដើម្បី​សង្គ្រោះ​គេ​អោយ​រួច​ផុត​ពី​កណ្ដាប់​ដៃ
របស់​អស់​អ្នក​ដែល​ចង់​ដាក់​ទោស​គេ។