១១៩
ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់
១ អ្នក​ណា​មាន​កិរិយា​មារយាទ
ល្អ​ត្រឹម​ត្រូវ​ឥត​ខ្ចោះ
ហើយ​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់
អ្នក​នោះ​មាន​សុភមង្គល​ហើយ!។
២ អ្នក​ណា​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ព្រះអង្គ
ហើយ​ស្វែង​រក​ព្រះអង្គ​អស់​ពី​ចិត្ត
អ្នក​នោះ​មាន​សុភមង្គល​ហើយ!
៣ អ្នក​ទាំង​នោះ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទេ
គេ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ។
៤ ព្រះអង្គ​បាន​ប្រទាន​ព្រះឱវាទ​មក ដើម្បី​អោយ
យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម។
៥ សូម​ជួយ​ទូលបង្គំ​អោយ​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវ
ដោយ​ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះអង្គ។
៦ ដូច្នេះ ពេល​ណា​ទូលបង្គំ​ពិនិត្យ​មើល
បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ
នោះ​ទូលបង្គំ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ។
៧ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ
ដោយ​ចិត្ត​ទៀង​ត្រង់
ហើយ​ពិចារណា​មើល​វិន័យ
ដ៏​សុចរិត​ដែល​ព្រះអង្គ​បាន​បង្គាប់​មក។
៨ ទូលបង្គំ​ចង់​ប្រតិបត្តិ​តាម
ច្បាប់​របស់​ព្រះអង្គ
សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​សោះ​ឡើយ!
៩ តើ​មនុស្ស​កំលោះ​ត្រូវ​ធ្វើ​យ៉ាង​ណា
ដើម្បី​អោយ​កិរិយា​មារយាទ​របស់​ខ្លួន
បាន​ល្អ​ត្រឹម​ត្រូវ?
គឺ​ដោយ​ប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។
១០ ទូលបង្គំ​ស្វែង​រក​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត
សូម​កុំ​បណ្ដោយ​អោយ​ទូលបង្គំ​ងាក​ចេញ
ពី​បទ​បញ្ជា​របស់​ព្រះអង្គ​ឡើយ!
១១ ទូលបង្គំ​រក្សា​ព្រះបន្ទូល​របស់​ព្រះអង្គ
ទុក​នៅ​ក្នុង​ចិត្ត
ដើម្បី​កុំ​អោយ​ប្រព្រឹត្ត​អំពើ​បាប
ទាស់​នឹង​ព្រះហឫទ័យ​ព្រះអង្គ។
១២ ព្រះអម្ចាស់​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ
សូម​បង្រៀន​អោយ​ទូលបង្គំ
ស្គាល់​ច្បាប់​របស់​ព្រះអង្គ!
១៣ ទូលបង្គំ​រៀប​រាប់​អំពី​វិន័យ​ទាំង​ប៉ុន្មាន
ដែល​ព្រះអង្គ​បាន​បង្គាប់​មក។
១៤ ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​អនុវត្ត​តាម
ដំបូន្មាន​របស់​ព្រះអង្គ
ដូច​ជា​ទូលបង្គំ​សប្បាយ​ចិត្ត
នឹង​មាន​សម្បត្តិ​ដ៏​ស្ដុកស្ដម្ភ។
១៥ ទូលបង្គំ​នឹង​ពិចារណា​ពី​ព្រះឱវាទ​របស់​ព្រះអង្គ
ទូលបង្គំ​សញ្ជឹង​គិត​អំពី​មាគ៌ា​របស់​ព្រះអង្គ​ជានិច្ច។
១៦ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ច្បាប់
របស់​ព្រះអង្គ​ខ្លាំង​ណាស់
ទូលបង្គំ​មិន​ភ្លេច​ព្រះបន្ទូល​របស់​ព្រះអង្គ​ឡើយ។
១៧ សូម​ប្រណី​សន្ដោស​ទូលបង្គំ
ជា​អ្នក​បំរើ​របស់​ព្រះអង្គ
ដើម្បី​អោយ​ទូលបង្គំ​មាន​ជីវិត
ហើយ​ប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។
១៨ សូម​បើក​ភ្នែក​ទូលបង្គំ
ដើម្បី​អោយ​ទូលបង្គំ​មើល​ឃើញ​ភាព​ថ្លៃថ្នូរ
ដ៏​អស្ចារ្យ​នៃ​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។
១៩ ទូលបង្គំ​គ្រាន់​តែ​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន
លើ​ផែនដី​នេះ​ប៉ុណ្ណោះ
សូម​កុំ​លាក់​បទ​បញ្ជា​របស់​ព្រះអង្គ
នឹង​ទូលបង្គំ​ឡើយ។
២០ ចិត្ត​ទូលបង្គំ​តែងតែ​ផ្ដោត​ទៅ​រក​វិន័យ​ផ្សេងៗ
ដែល​ព្រះអង្គ​បង្គាប់​មក​ជានិច្ច។
២១ ព្រះអង្គ​គំរាម​កំហែង​មនុស្ស​អួតបំប៉ោង
ដែល​ជា​ជន​ត្រូវ​បណ្ដាសា
វង្វេង​ចេញ​ឆ្ងាយ​ពី​បទ​បញ្ជា​របស់​ព្រះអង្គ។
២២ សូម​ដក​យក​ការ​អាម៉ាស់​ចេញ​ពី​ទូលបង្គំ
កុំ​អោយ​មាន​នរណា​មើលងាយ​ទូលបង្គំ​ឡើយ
ដ្បិត​ទូលបង្គំ​កាន់​តាម​ដំបូន្មាន
របស់​ព្រះអង្គ​ហើយ។
២៣ ទោះ​បី​ពួក​មេ​ដឹក​នាំ​ឃុបឃិត​គ្នា
ប្រឆាំង​នឹង​ទូលបង្គំ​ក៏​ដោយ
ទូលបង្គំ​ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ
នៅ​តែ​សញ្ជឹង​គិត​ពី​ច្បាប់​របស់​ព្រះអង្គ​ជានិច្ច។
២៤ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ​ណាស់
ដំបូន្មាន​ព្រះអង្គ​ជួយ​ជា​គំនិត​ដល់​ទូលបង្គំ។
២៥ ទូលបង្គំ​បាន​ធ្លាក់​ខ្លួន​ដុនដាប​យ៉ាង​ខ្លាំង
សូម​ប្រោស​អោយ​ទូលបង្គំ​បាន​រស់
ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ផង។
២៦ ទូលបង្គំ​រៀប​រាប់​អំពី​ដំណើរ​ជីវិត​របស់​ទូលបង្គំ
ហើយ​ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ទូលបង្គំ
សូម​បង្រៀន​អោយ​ទូលបង្គំ​ស្គាល់​ច្បាប់​របស់​ព្រះអង្គ!។
២៧ សូម​ជួយ​ទូលបង្គំ​អោយ​យល់​អំពី​អត្ថន័យ
នៃ​ព្រះឱវាទ​របស់​ព្រះអង្គ
ដើម្បី​អោយ​ទូលបង្គំ​អាច​សញ្ជឹង​គិត​ពី​ការ​អស្ចារ្យ
ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​សំដែង!។
២៨ ទូលបង្គំ​មាន​ទុក្ខ​សោក​សង្រេង
សូម​លើក​ទឹក​ចិត្ត​ទូលបង្គំ​ឡើង​វិញ
ដូច​ព្រះអង្គ​បាន​សន្យា។
២៩ សូម​នាំ​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ផ្លូវ​ខុស​ឆ្គង
ហើយ​ជួយ​អោយ​ទូលបង្គំ​ប្រតិបត្តិ​តាម
ក្រឹត្យវិន័យ​របស់​ព្រះអង្គ!
៣០ ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះអង្គ
ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម​វិន័យ
ដែល​ព្រះអង្គ​បង្គាប់​មក។
៣១ ទូលបង្គំ​ជំពាក់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ
ព្រះអម្ចាស់​អើយ
សូម​កុំ​អោយ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ!
៣២ ទូលបង្គំ​សប្បាយ​ចិត្ត​នឹង​ដើរ
តាម​បទ​បញ្ជា​នៃ​បញ្ញត្តិ​របស់​ព្រះអង្គ
ដ្បិត​ព្រះអង្គ​ធ្វើ​អោយ​ចិត្ត​ទូលបង្គំ​បាន​ភ្លឺ​ស្វាង។
៣៣ ព្រះអម្ចាស់​អើយ សូម​បង្រៀន​អោយ​ទូលបង្គំ
ស្គាល់​ច្បាប់​របស់​ព្រះអង្គ
ដើម្បី​អោយ​ទូលបង្គំ​កាន់​តាម
រហូត​ដល់​ទី​បញ្ចប់!។
៣៤ សូម​ប្រទាន​អោយ​ទូលបង្គំ​មាន​ប្រាជ្ញា
ដើម្បី​រក្សា​ក្រឹត្យវិន័យ​របស់​ព្រះអង្គ
ហើយ​ប្រតិបត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត!។
៣៥ សូម​នាំ​ទូលបង្គំ​ដើរ​តាម​មាគ៌ា
នៃ​បទ​បញ្ជា​របស់​ព្រះអង្គ
ដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ​បញ្ជា
ទាំង​នេះ​ណាស់។
៣៦ សូម​ទាក់ទាញ​ចិត្ត​ទូលបង្គំ
អោយ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអង្គ
គឺ​មិន​មែន​អោយ​រក​កំរៃ​ឡើយ!
៣៧ សូម​ទាញ​អារម្មណ៍​ទូលបង្គំ
អោយ​បែរ​ចេញ​ពី​អ្វីៗ​ដែល​ឥត​ខ្លឹមសារ
ហើយ​អោយ​ទូលបង្គំ​មាន​ជីវិត​រស់​នៅ
តាម​មាគ៌ា​របស់​ព្រះអង្គ!
៣៨ សូម​សំរេច​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា
ជា​មួយ​ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ
គឺ​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា
ចំពោះ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ។
៣៩ សូម​យក​សេចក្ដី​អាម៉ាស់​ដែល​ទូលបង្គំ
ខ្លាចរអែង​នេះ ចេញ​អោយ​ឆ្ងាយ​ពី​ទូលបង្គំ​ទៅ
ដ្បិត​វិន័យ​របស់​ព្រះអង្គ​សុទ្ធ​តែ​ល្អ​ទាំង​អស់។
៤០ ទូលបង្គំ​ប្រាថ្នា​ចង់​ធ្វើ​តាម​ព្រះឱវាទ​របស់​ព្រះអង្គ
សូម​ប្រទាន​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ!
៤១ ព្រះអម្ចាស់​អើយ
សូម​សំដែង​ព្រះហឫទ័យ​មេត្តាករុណា
ចំពោះ​ទូលបង្គំ
សូម​សង្គ្រោះ​ទូលបង្គំ​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ!
៤២ សូម​ជួយ​អោយ​ទូលបង្គំ​អាច​ឆ្លើយ​តប
នឹង​អ្នក​ដែល​ជេរ​ប្រមាថ​ទូលបង្គំ
ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះបន្ទូល​របស់​ព្រះអង្គ។
៤៣ សូម​កុំ​អោយ​ទូលបង្គំ​និយាយ​អ្វី​ប្រាសចាក
ពី​សេចក្ដី​ពិត​ឡើយ
ដ្បិត​ទូលបង្គំ​សង្ឃឹម​លើ​វិន័យ​របស់​ព្រះអង្គ។
៤៤ ទូលបង្គំ​នឹង​គោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ
ជានិច្ច​និរន្តរ៍​រហូត​ត​រៀង​ទៅ។
៤៥ ទូលបង្គំ​ចង់​រស់​នៅ​ដោយ​មាន​សេរីភាព​ពេញ​ទី
ដ្បិត​ទូលបង្គំ​ស្វែង​រក​ព្រះឱវាទ​របស់​ព្រះអង្គ។
៤៦ ទូលបង្គំ​នឹង​ថ្លែង​អំពី​ដំបូន្មាន​របស់​ព្រះអង្គ
ប្រាប់​ស្ដេច​នានា
ទូលបង្គំ​នឹង​មិន​ខ្មាស​សោះ​ឡើយ។
៤៧ ទូលបង្គំ​ពេញ​ចិត្ត​នឹង​បទ​បញ្ជា​របស់​ព្រះអង្គ
ទូលបង្គំ​ស្រឡាញ់​បទ​បញ្ជា​នេះ​ណាស់។
៤៨ ទូលបង្គំ​លើក​ដៃ​ប្រណម្យ​គោរព
បទ​បញ្ជា​របស់​ព្រះអង្គ
ព្រោះ​ទូលបង្គំ​ស្រឡាញ់​បទ​បញ្ជា​នេះ
ទូលបង្គំ​ចង់​សញ្ជឹង​គិត​អំពី​ច្បាប់
របស់​ព្រះអង្គ។
៤៩ សូម​នឹក​ដល់​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា
ជា​មួយ​ទូលបង្គំ
ដ្បិត​ព្រះអង្គ​បាន​ធ្វើ​អោយ​ទូលបង្គំ​មាន​សង្ឃឹម!
៥០ នៅ​ពេល​ទូលបង្គំ​មាន​ទុក្ខ​វេទនា
ព្រះបន្ទូល​នេះ​ធ្វើ​អោយ​ចិត្ត​ទូលបង្គំ​បាន​ធូរ​ស្បើយ
ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ
បាន​ធ្វើ​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ។
៥១ មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​ចំអក​អោយ​ទូលបង្គំ
តែ​ទូលបង្គំ​មិន​ឃ្លាត​ចាក​ចេញ​ពី​ក្រឹត្យវិន័យ
របស់​ព្រះអង្គ​ឡើយ។
៥២ ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹក​ដល់
វិន័យ​របស់​ព្រះអង្គ កាល​ពី​អតីតកាល
ហើយ​ចិត្ត​ទូលបង្គំ​ក៏​បាន​ធូរ​ស្បើយ។
៥៣ មនុស្ស​ពាល​បាន​ធ្វើ​អោយ​ទូលបង្គំ
ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង
ព្រោះ​ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យវិន័យ
របស់​ព្រះអង្គ។
៥៤ ពេល​ដែល​ទូលបង្គំ​ស្នាក់​អាស្រ័យ
ជា​បណ្ដោះអាសន្ន​ក្នុង​លោក​នេះ
ទូលបង្គំ​បាន​យក​ច្បាប់​របស់​ព្រះអង្គ
មក​ធ្វើ​ជា​ទំនុកតម្កើង។
៥៥ ឱ​ព្រះអម្ចាស់​អើយ នៅ​ពេល​យប់​ទូលបង្គំ
នឹក​ដល់​ព្រះនាម​របស់​ព្រះអង្គ
ហើយ​ទូលបង្គំ​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ
របស់​ព្រះអង្គ។
៥៦ ទូលបង្គំ​រក​ឃើញ​សុភមង្គល
ដោយ​អនុវត្ត​តាម​ព្រះឱវាទ​របស់​ព្រះអង្គ។
៥៧ ឱ​ព្រះអម្ចាស់​អើយ ទូលបង្គំ​សូម​ទូល​ព្រះអង្គ​ថា
ការ​ប្រតិបត្តិ​តាម​ព្រះបន្ទូល​ព្រះអង្គ
ជា​ចំណែក​មត៌ក​របស់​ទូលបង្គំ។
៥៨ ទូលបង្គំ​សូម​អង្វរករ​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត​ថា
សូម​ប្រណី​សន្ដោស​ទូលបង្គំ
តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​ផង!
៥៩ ទូលបង្គំ​រិះគិត​អំពី​កិរិយា​មារយាទ​របស់​ទូលបង្គំ
ហើយ​ទូលបង្គំ​ក៏​បោះ​ជំហាន​មក​រក​ដំបូន្មាន
របស់​ព្រះអង្គ​វិញ។
៦០ ទូលបង្គំ​ប្រញាប់ប្រញាល់​ប្រតិបត្តិ
តាម​បទ​បញ្ជា​របស់​ព្រះអង្គ
ឥត​ធ្វេសប្រហែស​សោះ​ឡើយ។
៦១ មនុស្ស​អាក្រក់​បាន​ធ្វើ​អោយ​ទូលបង្គំ
ជាប់​អន្ទាក់​របស់​គេ
តែ​ទូលបង្គំ​ឥត​ភ្លេច​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​ទេ។
៦២ នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូលបង្គំ​ក្រោក​ឡើង
ដើម្បី​លើក​តម្កើង​ព្រះអង្គ
ព្រោះ​តែ​វិន័យ​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះអង្គ។
៦៣ ទូលបង្គំ​ជា​មិត្ត​របស់​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
និង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម
ព្រះឱវាទ​របស់​ព្រះអង្គ។
៦៤ ឱ​ព្រះអម្ចាស់​អើយ ផែនដី​ពេញ​ទៅ​ដោយ
ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ
សូម​បង្រៀន​អោយ​ទូលបង្គំ​ស្គាល់​ច្បាប់
របស់​ព្រះអង្គ!
៦៥ ឱ​ព្រះអម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំ
ជា​អ្នក​បំរើ​របស់​ព្រះអង្គ
តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ផង។
៦៦ សូម​បង្រៀន​ទូលបង្គំ​អោយ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា
ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​លើ​បទ​បញ្ជា​របស់​ព្រះអង្គ។
៦៧ ពី​មុន​ទូលបង្គំ​បាន​វង្វេង ហើយ​រង​ទុក្ខ​វេទនា
ឥឡូវ​នេះ ទូលបង្គំ​ប្រតិបត្តិ​តាម​ព្រះបន្ទូល
របស់​ព្រះអង្គ​ហើយ។
៦៨ ព្រះអង្គ​មាន​ព្រះហឫទ័យ​ល្អ​សប្បុរស
សូម​បង្រៀន​អោយ​ទូលបង្គំ​ស្គាល់​ច្បាប់
របស់​ព្រះអង្គ!
៦៩ មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទូលបង្គំ
តែ​ទូលបង្គំ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម
ព្រះឱវាទ​របស់​ព្រះអង្គ​ជានិច្ច។
៧០ អ្នក​ទាំង​នោះ​ជា​មនុស្ស​អត់​ចិត្ត
រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យវិន័យ
របស់​ព្រះអង្គ​ណាស់។
៧១ ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ ក៏​ប្រពៃ​ម្យ៉ាង​ដែរ
ព្រោះ​ទូលបង្គំ​អាច​រៀន​ច្បាប់
របស់​ព្រះអង្គ។
៧២ ចំពោះ​ទូលបង្គំ ទោះ​បី​មាស​ប្រាក់
ច្រើន​យ៉ាង​ណា​ក៏​ដោយ
ក៏​គ្មាន​តម្លៃ​ស្មើ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​ដែរ។
៧៣ ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក
ហើយ​ប្រទាន​អោយ​ទូលបង្គំ​បាន​មាំមួន​ឡើង
ដូច្នេះ សូម​ប្រទាន​អោយ​ទូលបង្គំ
មាន​ប្រាជ្ញា​សិក្សា​បទ​បញ្ជា​របស់​ព្រះអង្គ។
៧៤ ពេល​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ
ឃើញ​ទូលបង្គំ គេ​នឹង​មាន​អំណរ
ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះបន្ទូល​របស់​ព្រះអង្គ។
៧៥ ឱ​ព្រះអម្ចាស់​អើយ ទូលបង្គំ​ដឹង​ថា​ការ​អ្វី
ដែល​ព្រះអង្គ​សំរេច​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់
ហើយ​ព្រះអង្គ​ដាក់​ទោស​ទូលបង្គំ​ក៏​ត្រឹម​ត្រូវ​ដែរ។
៧៦ សូម​សំរាល​ទុក្ខ​ទូលបង្គំ
ដោយសារ​ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ
តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា
ជា​មួយ​ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ។
៧៧ សូម​សំដែង​ព្រះហឫទ័យ​មេត្តាករុណា​មក​លើ
ទូលបង្គំ ដើម្បី​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ
ដ្បិត​ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យវិន័យ
របស់​ព្រះអង្គ​ណាស់។
៧៨ សូម​អោយ​មនុស្ស​អួត​បំប៉ោង​ត្រូវ​អាម៉ាស់
ដ្បិត​ពួក​គេ​និយាយ​កុហក​មួល​បង្កាច់​ទូលបង្គំ
រីឯ​ទូលបង្គំ​វិញ
ទូលបង្គំ​សញ្ជឹង​គិត​ពី​ព្រះឱវាទ​របស់​ព្រះអង្គ។
៧៩ សូម​អោយ​អស់​អ្នក​ដែល​គោរព​កោត
ខ្លាច​ព្រះអង្គ នាំ​គ្នា​មក​រក​ទូលបង្គំ
ដើម្បី​អោយ​បាន​ស្គាល់​ដំបូន្មាន​របស់​ព្រះអង្គ។
៨០ សូម​ជួយ​អោយ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ច្បាប់
របស់​ព្រះអង្គ​ឥត​ខ្ចោះ
កុំ​អោយ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ។
៨១ ទូលបង្គំ​ទន្ទឹង​រង់ចាំ​មើល​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ
ទូលបង្គំ​រង់ចាំ​ព្រះអង្គ​មាន​ព្រះបន្ទូល។
៨២ ទូលបង្គំ​ខំ​ប្រឹង​រង់ចាំ​មើល​ព្រះបន្ទូល​សន្យា
របស់​ព្រះអង្គ
ទូលបង្គំ​ពោល​ថា «តើ​ដល់​ពេល​ណា
ទើប​ព្រះអង្គ​សំរាល​ទុក្ខ​ទូលបង្គំ?»។
៨៣ ទូលបង្គំ​ជា​មនុស្ស​ដែល​គ្មាន​នរណា​រាប់​រក​ទៀត​ទេ
តែ​ទូលបង្គំ​មិន​បំភ្លេច​ច្បាប់
របស់​ព្រះអង្គ​ឡើយ។
៨៤ តើ​ទូលបង្គំ​ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ
ត្រូវ​រង់ចាំ​ដល់​ពេល​ណា​ទៀត
ទើប​ព្រះអង្គ​វិនិច្ឆ័យ​ទោស​អស់​អ្នក
ដែល​បៀតបៀន​ទូលបង្គំ?
៨៥ មនុស្ស​អួត​បំប៉ោង​មិន​គោរព​តាម​ក្រឹត្យវិន័យ
របស់​ព្រះអង្គ​ទេ
គេ​នាំ​គ្នា​ជីក​រណ្ដៅ ដើម្បី​អោយ​ទូលបង្គំ​ធ្លាក់។
៨៦ បទ​បញ្ជា​របស់​ព្រះអង្គ​ទាំង​ប៉ុន្មាន
សុទ្ធ​តែ​ពិត​ទាំង​អស់
សូម​ជួយ​ទូលបង្គំ​ផង
ដ្បិត​គេ​បៀតបៀន​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផល។
៨៧ នៅ​តែ​បន្តិច​ប៉ុណ្ណោះ
គេ​នឹង​ប្រហារ​ទូលបង្គំ​អោយ​វិនាស​សូន្យ
ប៉ុន្តែ ទូលបង្គំ​មិន​បោះ​បង់​ចោល​ព្រះឱវាទ
របស់​ព្រះអង្គ​ឡើយ។
៨៨ សូម​ប្រទាន​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ​ព្រះហឫទ័យ​មេត្តាករុណា
ទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​ដំបូន្មាន
ដែល​ព្រះអង្គ​បង្គាប់​មក។
៨៩ ឱ​ព្រះអម្ចាស់​អើយ ព្រះបន្ទូល​របស់​ព្រះអង្គ
ស្ថិតស្ថេរ​រហូត​ត​ទៅ នៅ​ក្នុង​ស្ថាន​បរមសុខ។
៩០ ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ
ព្រះអង្គ​បាន​ធ្វើ​អោយ​ផែនដី​រឹងមាំ
ហើយ​ផែនដី​ក៏​នៅ​ស្ថិតស្ថេរ​ដែរ។
៩១ អ្វីៗ​សព្វ​សារពើ​នៅ​ស្ថិតស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ
ដោយសារ​វិន័យ​របស់​ព្រះអង្គ
ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម
អំណាច​របស់​ព្រះអង្គ។
៩២ ប្រសិន​បើ​ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​ក្រឹត្យវិន័យ
របស់​ព្រះអង្គ​ទេ
ទូលបង្គំ​មុខ​ជា​រង​ទុក្ខ​វេទនា
ហើយ​វិនាស​អន្តរាយ​ជា​មិន​ខាន។
៩៣ ទូលបង្គំ​នឹង​មិន​ភ្លេច​ព្រះឱវាទ
របស់​ព្រះអង្គ​សោះ​ឡើយ
ដ្បិត​ព្រះអង្គ​ធ្វើ​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយសារ​ព្រះឱវាទ​ទាំង​នេះ។
៩៤ ទូលបង្គំ​នៅ​ក្រោម​ឱវាទ​របស់​ព្រះអង្គ​ហើយ
សូម​សង្គ្រោះ​ទូលបង្គំ​ផង!
ដ្បិត​ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់
នឹង​ព្រះឱវាទ​របស់​ព្រះអង្គ។
៩៥ មនុស្ស​អាក្រក់​រង់ចាំ​ប្រហារ​ជីវិត​ទូលបង្គំ
តែ​ទូលបង្គំ​ចាប់​ចិត្ត​នឹង​ដំបូន្មាន​របស់​ព្រះអង្គ។
៩៦ ទូលបង្គំ​ឃើញ​ថា
សូម្បី​អ្វីៗ​ដ៏​ល្អ​ឥត​ខ្ចោះ​ក៏​នឹង​មាន​ទី​បញ្ចប់​ដែរ
ប៉ុន្តែ បទ​បញ្ជា​របស់​ព្រះអង្គ​ទូលំទូលាយ
ឥត​មាន​ព្រំដែន​សោះ​ឡើយ។
៩៧ ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ព្រះអង្គ
ខ្លាំង​ណាស់
ទូលបង្គំ​សញ្ជឹង​គិត​អំពី​ក្រឹត្យវិន័យ​នេះ
ជា​រៀង​រាល់​ថ្ងៃ។
៩៨ បទ​បញ្ជា​របស់​ព្រះអង្គ​ធ្វើ​អោយ​ទូលបង្គំ
មាន​ប្រាជ្ញា​វាងវៃ​ជាង​ខ្មាំង​សត្រូវ
ដ្បិត​ទូលបង្គំ​រិះគិត​ពី​ក្រឹត្យវិន័យ​នេះ​ជានិច្ច។
៩៩ ទូលបង្គំ​ចេះ​ដឹង​ជាង​គ្រូៗ​ទាំង​ប៉ុន្មាន
របស់​ទូលបង្គំ​ទៅ​ទៀត
ដ្បិត​ទូលបង្គំ​យក​ដំបូន្មាន​ទាំង​ប៉ុន្មាន
មក​សញ្ជឹង​គិត។
១០០ ទូលបង្គំ​ដឹង​ខុស​ត្រូវ​ជាង​ចាស់ៗ​ទៅ​ទៀត
ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះឱវាទ​របស់​ព្រះអង្គ។
១០១ ទូលបង្គំ​ចៀស​ចេញ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់​ទាំង​ប៉ុន្មាន
ដើម្បី​ប្រតិបត្តិ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។
១០២ ទូលបង្គំ​មិន​ងាក​ចេញ​ពី​វិន័យ
ដែល​ព្រះអង្គ​បង្គាប់​មក​ទូលបង្គំ​ឡើយ
ដ្បិត​ព្រះអង្គ​ប្រៀនប្រដៅ​ទូលបង្គំ​ដូច្នេះ។
១០៣ ព្រះបន្ទូល​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​អាហារ
ដ៏​ឆ្ងាញ់​ពិសេស សំរាប់​ទូលបង្គំ
ហើយ​ក៏​មាន​រសជាតិ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត។
១០៤ ព្រះឱវាទ​របស់​ព្រះអង្គ​បាន​ធ្វើ​អោយ​ទូលបង្គំ
ដឹង​ខុស​ត្រូវ
ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ស្អប់​ការ​វៀចវេរ។
១០៥ ព្រះបន្ទូល​របស់​ព្រះអង្គ​ជា​ចង្កៀង​បំភ្លឺ​ជំហាន
ទូលបង្គំ និង​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូលបង្គំ។
១០៦ ទូលបង្គំ​សូម​សន្យា​ដោយ​ឥត​ងាក​រេ​ថា
ទូលបង្គំ​នឹង​ប្រតិបត្តិ​តាម​វិន័យ
ដ៏​សុចរិត​ដែល​ព្រះអង្គ​បង្គាប់​មក។
១០៧ ឱ​ព្រះអម្ចាស់​អើយ
ទូលបង្គំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់
សូម​ប្រោស​ប្រទាន​អោយ​ទូលបង្គំ​មាន​ជីវិត
ឡើង​វិញ ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ផង!
១០៨ ឱ​ព្រះអម្ចាស់​អើយ សូម​ទទួល​យក​ពាក្យ​ទូលអង្វរ
របស់​ទូលបង្គំ
ទុក​ជា​តង្វាយ
ហើយ​សូម​បង្រៀន​អោយ​ទូលបង្គំ
ស្គាល់​វិន័យ​របស់​ព្រះអង្គ!
១០៩ ជីវិត​ទូលបង្គំ​ប្រឈម​មុខ​ទល់​នឹង​អន្តរាយ​ជានិច្ច
ប៉ុន្តែ ទូលបង្គំ​មិន​ភ្លេច​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​ទេ។
១១០ មនុស្ស​អាក្រក់​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់​ទូលបង្គំ
តែ​ទូលបង្គំ​មិន​វង្វេង​ចេញ​ឆ្ងាយ
ពី​ព្រះឱវាទ​របស់​ព្រះអង្គ​ឡើយ។
១១១ ដំបូន្មាន​របស់​ព្រះអង្គ​ជា​កេរមត៌ក​របស់​ទូលបង្គំ
ដ្បិត​ដំបូន្មាន​ទាំង​នេះ​ធ្វើ​អោយ​ទូលបង្គំ
មាន​អំណរ​នៅ​ក្នុង​ចិត្ត។
១១២ ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ច្បាប់
របស់​ព្រះអង្គ​រហូត​ដល់​ទី​បំផុត។
១១៣ ទូលបង្គំ​ស្អប់​មនុស្ស​ដែល​មាន​ចិត្ត​ពីរ
តែ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។
១១៤ ព្រះអង្គ​ជា​ជំរក និង​ជា​ខែល​ការពារ​ទូលបង្គំ
ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះបន្ទូល
របស់​ព្រះអង្គ​ជានិច្ច។
១១៥ មនុស្ស​អាក្រក់​អើយ
ចូរ​នាំ​គ្នា​ចេញ​អោយ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!
ទុក​អោយ​ខ្ញុំ​ប្រតិបត្តិ​តាម​បទ​បញ្ជា​នៃ​ព្រះ​របស់​ខ្ញុំ!
១១៦ សូម​ជួយ​គាំទ្រ​ទូលបង្គំ
តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ
ដើម្បី​អោយ​ទូលបង្គំ​មាន​ជីវិត
សូម​កុំ​អោយ​សេចក្ដី​សង្ឃឹម
របស់​ទូលបង្គំ​ប្រែ​ទៅ​ជា​ខក​ចិត្ត​ឡើយ។
១១៧ សូម​ធ្វើ​ជា​បង្អែក​របស់​ទូលបង្គំ
ដើម្បី​អោយ​ទូលបង្គំ​បាន​រួច​ជីវិត
ហើយ​ផ្ចង់​ចិត្ត​ទៅ​រក​ច្បាប់
របស់​ព្រះអង្គ​ជានិច្ច។
១១៨ ព្រះអង្គ​មិន​រាប់​រក​អស់​អ្នក​ដែល​វង្វេង
ចេញ​ឆ្ងាយ​ពី​ច្បាប់​របស់​ព្រះអង្គ​ឡើយ
ដ្បិត​អ្វីៗ​ដែល​ពួក​គេ​ធ្វើ​សុទ្ធ​តែ
ជា​ការ​បោក​បញ្ឆោត។
១១៩ ព្រះអង្គ​ផាត់​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន
នៅ​លើ​ផែនដី​ចោល ដូច​កម្ទេច​សំរាម
ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ស្រឡាញ់
ដំបូន្មាន​របស់​ព្រះអង្គ។
១២០ រូប​កាយ​ទូលបង្គំ​ភ័យ​ញាប់ញ័រ
ដោយ​កោត​ខ្លាច​ព្រះអង្គ
ទូលបង្គំ​ភ័យ​ខ្លាច​វិន័យ​របស់​ព្រះអង្គ។
១២១ ទូលបង្គំ​ប្រព្រឹត្ត​អំពើ​សុចរិត យុត្តិធម៌
សូម​កុំ​អោយ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ
របស់​អស់​អ្នក​ដែល​សង្កត់សង្កិន​ទូលបង្គំ​ឡើយ។
១២២ សូម​ធានា​អោយ​ទូលបង្គំ
ដែល​ជា​អ្នក​បំរើ​ព្រះអង្គ​បាន​សុខសាន្ត​ផង
សូម​កុំ​ទុក​អោយ​មនុស្ស​អួត​បំប៉ោង
សង្កត់សង្កិន​ទូលបង្គំ​ឡើយ។
១២៣ ទូលបង្គំ​ទន្ទឹង​រង់ចាំ​មើល​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ
ទូលបង្គំ​រង់ចាំ​ព្រះបន្ទូល​សន្យា​ដ៏​សុចរិត
របស់​ព្រះអង្គ។
១២៤ សូម​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​ដែល​ជា​អ្នក​បំរើ
របស់​ព្រះអង្គ ដោយ​ព្រះហឫទ័យ​មេត្តាករុណា
សូម​បង្រៀន​អោយ​ទូលបង្គំ​ស្គាល់​ច្បាប់
របស់​ព្រះអង្គ!
១២៥ ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ
សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ​ផង
ដើម្បី​អោយ​ទូលបង្គំ​ស្គាល់​ដំបូន្មាន​របស់​ព្រះអង្គ។
១២៦ ព្រះអម្ចាស់​អើយ ដល់​ពេល​ធ្វើ​អន្តរាគមន៍​ហើយ
ដ្បិត​គេ​បាន​រំលោភ​លើ​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។
១២៧ ទូលបង្គំ​ស្រឡាញ់​បទ​បញ្ជា​របស់​ព្រះអង្គ
លើស​អ្វីៗ​ទាំង​អស់ គឺ​លើស​មាស​សុទ្ធ​ទៅ​ទៀត។
១២៨ ទូលបង្គំ​យល់​ឃើញ​ថា ព្រះឱវាទ​ទាំង​ប៉ុន្មាន
របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់
ទូលបង្គំ​ស្អប់​ការ​អាក្រក់​គ្រប់​យ៉ាង។
១២៩ ដំបូន្មាន​របស់​ព្រះអង្គ​ល្អ​វិសេស​ណាស់
ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ខំ​ប្រឹង​ធ្វើ​តាម។
១៣០ ការ​ស្វែង​យល់​ព្រះបន្ទូល​របស់​ព្រះអង្គ
ធ្វើ​អោយ​មនុស្ស​ភ្លឺស្វាង
ហើយ​ធ្វើ​អោយ​អ្នក​ទន់ទាប​មាន​ប្រាជ្ញា។
១៣១ ទូលបង្គំ​ត្រងត្រាប់​ស្ដាប់​ព្រះបន្ទូល
របស់​ព្រះអង្គ​ដោយ​យក​ចិត្ត​ទុក​ដាក់
ដ្បិត​ទូលបង្គំ​ចង់​ស្គាល់​បទ​បញ្ជា
របស់​ព្រះអង្គ​ណាស់។
១៣២ សូម​បែរ​ព្រះភក្ត្រ​ទត​មក​ទូលបង្គំ
សូម​ប្រណីសន្ដោស​ទូលបង្គំ
ដូច​ព្រះអង្គ​ធ្លាប់​ប្រណី​សន្ដោស
អស់​អ្នក​ដែល​ស្រឡាញ់​ព្រះនាម​របស់​ព្រះអង្គ។
១៣៣ សូម​ពង្រឹង​ទូលបង្គំ​អោយ​បាន​មាំមួន
តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ
ហើយ​កុំ​បណ្ដោយ​អោយ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង
អំណាច​របស់​អំពើ​ទុច្ចរិត​ណា​មួយ​ឡើយ!។
១៣៤ សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ផុត​ពី​ការ
ជិះជាន់​របស់​មនុស្ស
ដើម្បី​អោយ​ទូលបង្គំ​ប្រតិបត្តិ​តាម​ព្រះឱវាទ
របស់​ព្រះអង្គ។
១៣៥ សូម​សំដែង​ព្រះហឫទ័យ​អាណិត​មេត្តា
ដល់​ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ
ហើយ​សូម​បង្រៀន​ទូលបង្គំ​អោយ​ស្គាល់
ច្បាប់​របស់​ព្រះអង្គ​ផង!។
១៣៦ ទូលបង្គំ​បង្ហូរ​ទឹក​ភ្នែក​ឥត​ស្រាកស្រាន្ត
ដោយ​ឃើញ​គេ​មិន​គោរព
តាម​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។
១៣៧ ឱ​ព្រះអម្ចាស់​អើយ ព្រះអង្គ​សុចរិត
វិន័យ​របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ!
១៣៨ ព្រះអង្គ​ប្រទាន​ដំបូន្មាន​មក​ដោយ​សុចរិត
និង​ត្រឹម​ត្រូវ​បំផុត។
១៣៩ ទូលបង្គំ​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង
ដោយ​ឃើញ​បច្ចាមិត្ត​របស់​ទូលបង្គំ
បំភ្លេច​ព្រះបន្ទូល​របស់​ព្រះអង្គ។
១៤០ ព្រះបន្ទូល​សន្យា​បស់​ព្រះអង្គ
សំរេច​ជាក់​ស្ដែង​ហើយ
ទូលបង្គំ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ
ស្រឡាញ់​ព្រះបន្ទូល​នេះ​ណាស់។
១៤១ ទូលបង្គំ​ជា​មនុស្ស​តូចតាច
ហើយ​ត្រូវ​គេ​មើលងាយ​ទៀត​ផង
តែ​ទូលបង្គំ​មិន​ភ្លេច​ព្រះឱវាទ​របស់​ព្រះអង្គ​ឡើយ។
១៤២ សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ
ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច
ហើយ​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​ជា​សេចក្ដី​ពិត។
១៤៣ ទូលបង្គំ​កើត​ទុក្ខ​អន្ទះអន្ទែង​ជា​ខ្លាំង
តែ​បទ​បញ្ជា​របស់​ព្រះអង្គ
ធ្វើ​អោយ​ទូលបង្គំ​មាន​អំណរ។
១៤៤ ដំបូន្មាន​របស់​ព្រះអង្គ​សុចរិត​ជានិច្ច
សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ
ដើម្បី​អោយ​ទូលបង្គំ​មាន​ជីវិត!
១៤៥ ឱ​ព្រះអម្ចាស់​អើយ
ទូលបង្គំ​អង្វរ​ព្រះអង្គ​យ៉ាង​អស់​ពី​ចិត្ត
សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង ដើម្បី​អោយ​ទូលបង្គំ
ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះអង្គ!
១៤៦ ទូលបង្គំ​អង្វរ​ព្រះអង្គ
សូម​សង្គ្រោះ​ទូលបង្គំ​ផង
ដើម្បី​អោយ​ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន
របស់​ព្រះអង្គ!
១៤៧ ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ
តាំង​ពី​មុន​ថ្ងៃ​រះ​ទៅ​ទៀត
ទូលបង្គំ​ទន្ទឹង​រង់ចាំ​ព្រះអង្គ​មាន​ព្រះបន្ទូល។
១៤៨ ទូលបង្គំ​សញ្ជឹង​គិត​អំពី​ព្រះបន្ទូល​សន្យា
របស់​ព្រះអង្គ​មួយ​យប់​ទល់​ភ្លឺ។
១៤៩ សូម​ស្ដាប់​ពាក្យ​ទូលអង្វរ​របស់​ទូលបង្គំ
ដោយ​ព្រះហឫទ័យ​មេត្តាករុណា
ឱ​ព្រះអម្ចាស់​អើយ សូម​ជួយ​ទូលបង្គំ
អោយ​រស់​នៅ​តាម​វិន័យ​របស់​ព្រះអង្គ។
១៥០ អស់​អ្នក​ដែល​តាម​ព្យាបាទ​ទូលបង្គំ
នាំ​គ្នា​ចូល​មក​ជិត​ទូលបង្គំ
អ្នក​ទាំង​នោះ​ឃ្លាត​ចេញ​ឆ្ងាយ
ពី​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។
១៥១ ឱ​ព្រះអម្ចាស់​អើយ ព្រះអង្គ​នៅ​ជិត​ទូលបង្គំ
បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ
សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់
១៥២ តាំង​ពី​យូរយារ​ណាស់​មក​ហើយ
ទូលបង្គំ​បាន​ដឹង​ថា
ព្រះអង្គ​ប្រទាន​ដំបូន្មាន​របស់​ព្រះអង្គ​មក
ដើម្បី​អោយ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច។
១៥៣ សូម​ទត​មើល​ទុក្ខ​វេទនា​របស់​ទូលបង្គំ
សូម​រំដោះ​ទូលបង្គំ​ផង!
ដ្បិត​ទូលបង្គំ​មិន​ភ្លេច​ក្រឹត្យវិន័យ​របស់​ព្រះអង្គ​ទេ។
១៥៤ សូម​រក​យុត្តិធម៌​អោយ​ទូលបង្គំ
ហើយ​រំដោះ​ទូលបង្គំ​អោយ​មាន​សេរីភាព​ផង
សូម​ប្រទាន​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ
តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ!
១៥៥ មនុស្ស​អាក្រក់​ពុំ​អាច​ទទួល​ការ​សង្គ្រោះ​បាន​ឡើយ
ដ្បិត​ពួក​គេ​មិន​ស្វែង​រក​ច្បាប់​របស់​ព្រះអង្គ​ទេ។
១៥៦ ឱ​ព្រះអម្ចាស់​អើយ ព្រះអង្គ​តែងតែ
មាន​ព្រះហឫទ័យ​អាណិត​មេត្តា​ជានិច្ច
សូម​ប្រទាន​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ
តាម​វិន័យ​ដែល​ព្រះអង្គ​បាន​បង្គាប់​មក។
១៥៧ អស់​អ្នក​ដែល​បៀតបៀន​ទូលបង្គំ
និង​បច្ចាមិត្ត​របស់​ទូលបង្គំ​មាន​គ្នា​ច្រើន​ណាស់
តែ​ទូលបង្គំ​មិន​ងាក​ចេញ​ពី​ដំបូន្មាន
របស់​ព្រះអង្គ​ឡើយ។
១៥៨ ពេល​ទូលបង្គំ​ឃើញ​មនុស្ស​ក្បត់
ទូលបង្គំ​ទាស់​ចិត្ត​ខ្លាំង​ណាស់
ដ្បិត​ពួក​គេ​មិន​ប្រព្រឹត្ត​តាម​ព្រះបន្ទូល
របស់​ព្រះអង្គ​ទេ។
១៥៩ ឱ​ព្រះអម្ចាស់​អើយ សូម​ជ្រាប​ថា
ទូលបង្គំ​ស្រឡាញ់​ព្រះឱវាទ​របស់​ព្រះអង្គ
សូម​ប្រទាន​អោយ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ
ដោយ​ព្រះហឫទ័យ​មេត្តាករុណា​របស់​ព្រះអង្គ។
១៦០ គោលការណ៍​នៃ​ព្រះបន្ទូល​របស់​ព្រះអង្គ
ជា​សេចក្ដី​ពិត
ហើយ​វិន័យ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​សំរេច
ដោយ​សុចរិត​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។
១៦១ ពួក​មេ​ដឹក​នាំ​បៀតបៀន​ទូលបង្គំ
ដោយ​ឥត​មូល​ហេតុ
ក៏​ប៉ុន្តែ មាន​តែ​ព្រះបន្ទូល​របស់​ព្រះអង្គ​ប៉ុណ្ណោះ
ដែល​ធ្វើ​អោយ​ទូលបង្គំ​ភ័យ​ខ្លាច!។
១៦២ ទូលបង្គំ​រីករាយ​នឹង​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ
ដូច​ជា​គេ​រក​ឃើញ​កំណប់
ដ៏​មាន​តម្លៃ​លើសលប់​ដែរ។
១៦៣ ទូលបង្គំ​ស្អប់​ខ្ពើម​ការ​កុហក​ណាស់
តែ​ទូលបង្គំ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ព្រះអង្គ។
១៦៤ ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​មួយ​ថ្ងៃ​ប្រាំពីរ​ដង
ព្រោះ​តែ​វិន័យ​ដ៏​សុចរិត​របស់​ព្រះអង្គ។
១៦៥ អស់​អ្នក​ដែល​ស្រឡាញ់​ក្រឹត្យវិន័យ​របស់​ព្រះអង្គ
នឹង​បាន​សុខ​ក្សេមក្សាន្ត
គ្មាន​អ្វី​អាច​ធ្វើ​អោយ​គេ​ជំពប់​ដួល​សោះ​ឡើយ។
១៦៦ ឱ​ព្រះអម្ចាស់​អើយ ទូលបង្គំ​សង្ឃឹម​រង់ចាំ
ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ
ទូលបង្គំ​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះអង្គ។
១៦៧ ទូលបង្គំ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​ព្រះអង្គ
ហើយ​ទូលបង្គំ​ស្រឡាញ់​ដំបូន្មាន​នេះ​ណាស់។
១៦៨ ទូលបង្គំ​ប្រព្រឹត្ត​តាម​ព្រះឱវាទ
និង​ដំបូន្មាន​របស់​ព្រះអង្គ
ដ្បិត​អ្វីៗ​ដែល​ទូលបង្គំ​ធ្វើ
ព្រះអង្គ​ជ្រាប​សព្វ​គ្រប់​ទាំង​អស់។
១៦៩ សូម​អោយ​សំរែក​របស់​ទូលបង្គំ​បាន​ឮ
ទៅ​ដល់​ព្រះអង្គ
សូម​ប្រទាន​ប្រាជ្ញា​មក​ទូលបង្គំ
តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ។
១៧០ សូម​អោយ​ពាក្យ​ទទូច​អង្វរ​របស់​ទូលបង្គំ
បាន​ឮ​ទៅ​ដល់​ព្រះអង្គ សូម​រំដោះ​ទូលបង្គំ
តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​ផង!។
១៧១ ទូលបង្គំ​នឹង​ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះអង្គ
ឥត​ឈប់​ឡើយ
ដ្បិត​ព្រះអង្គ​បាន​បង្រៀន​ទូលបង្គំ
អោយ​ស្គាល់​ច្បាប់​របស់​ព្រះអង្គ។
១៧២ ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ច្រៀង​តម្កើង
ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ
ដ្បិត​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់
ព្រះអង្គ​សុទ្ធ​តែ​សុចរិត។
១៧៣ សូម​សំដែង​ព្រះបារមី​សង្គ្រោះ​ទូលបង្គំ
ដ្បិត​ទូលបង្គំ​បាន​សំរេច​ចិត្ត​ធ្វើ​តាម​ព្រះឱវាទ
របស់​ព្រះអង្គ​ហើយ។
១៧៤ ឱ​ព្រះអម្ចាស់​អើយ
ទូលបង្គំ​ប្រាថ្នា​ចង់​ឃើញ​ព្រះអង្គ
សង្គ្រោះ​ទូលបង្គំ​ណាស់
ទូលបង្គំ​ពេញ​ចិត្ត​នឹង​ក្រឹត្យវិន័យ
របស់​ព្រះអង្គ​ជា​ខ្លាំង។
១៧៥ សូម​អោយ​ទូលបង្គំ​រស់រាន​មាន​ជីវិត
ដើម្បី​សរសើរ​តម្កើង​ព្រះអង្គ!
សូម​អោយ​ព្រះបន្ទូល​របស់​ព្រះអង្គ
ជួយ​លើក​ទឹក​ចិត្ត​ទូលបង្គំ។
១៧៦ ទូលបង្គំ​នៅ​វិលវល់​ប្រៀប​បាន​នឹង​ចៀម​វង្វេង
សូម​យាង​មក​រក​ទូលបង្គំ
ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ​ផង!
ដ្បិត​ទូលបង្គំ​មិន​ភ្លេច​បទ​បញ្ជា
របស់​ព្រះអង្គ​ឡើយ!