១២៨
សុភមង្គល​របស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអម្ចាស់
បទ​ចំរៀង​សំរាប់​ឡើង​ទៅ​ព្រះវិហារ។
១ អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះអម្ចាស់
ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!
២ អ្នក​នឹង​ទទួល​ផល​ពី​កិច្ចការ​ដែល​អ្នក​បាន​ធ្វើ
អ្នក​នឹង​មាន​សុភមង្គល ហើយ​ចំរុងចំរើន
៣ នៅ​ក្នុង​ផ្ទះ​ភរិយា​របស់​អ្នក​ប្រៀប​ដូច​ជា​ដើម
ទំពាំងបាយជូរ​ដែល​មាន​ផ្លែ​ជា​ច្រើន
ហើយ​នៅ​ជុំវិញ​តុ កូន​ប្រុសៗ​របស់​អ្នក
ក៏​ប្រៀប​បាន​នឹង​ដើម​អូលីវ​តូចៗ​ដែរ។
៤ អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអម្ចាស់
នឹង​ទទួល​ព្រះពរ​បែប​នេះ។
៥ សូម​ព្រះអម្ចាស់​ប្រទាន​ពរ​អោយ​អ្នក ពី​ភ្នំ​ស៊ីយ៉ូន
ហើយ​រៀង​រាល់​ថ្ងៃ​ក្នុង​ជីវិត​អ្នក
អ្នក​នឹង​ឃើញ​សុភមង្គល​របស់​ក្រុង​យេរូសាឡឹម
៦ អ្នក​ក៏​នឹង​ឃើញ​ចៅ​របស់​អ្នក​ដែរ។
សូម​អោយ​អ៊ីស្រាអែល
បាន​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត!