១៣២
ក្រុង​ស៊ីយ៉ូន​ជា​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ជា​វាំង​របស់​ស្ដេច​ដាវីឌ
បទ​ចំរៀង​សំរាប់​ឡើង​ទៅ​ព្រះវិហារ។
១ ឱ​ព្រះអម្ចាស់​អើយ សូម​នឹក​ដល់​ព្រះបាទ​ដាវីឌ
និង​ការ​នឿយហត់​ទាំង​ប៉ុន្មាន​របស់​ព្រះរាជា​ផង។
២ ព្រះរាជា​បាន​ស្បថ​ជា​មួយ​ព្រះអម្ចាស់
គឺ​ទ្រង់​បាន​សន្យា​ជា​មួយ​ព្រះ​ដ៏​មាន​ចេស្ដា
របស់​លោក​យ៉ាកុប​​ថា:
៣ «ទូលបង្គំ​នឹង​មិន​ចូល​ទៅ​ជ្រក​នៅ​ក្នុង​ពន្លា​ទូលបង្គំ
ទូលបង្គំ​នឹង​មិន​ឡើង​ទៅ​ដេក
នៅ​លើ​គ្រែ​ទូលបង្គំ​ទេ។
៤ ទូលបង្គំ​មិន​ព្រម​បិទ​ភ្នែក
ទូលបង្គំ​មិន​ព្រម​ទទួល​ទាន​ដំណេក​លង់លក់​ឡើយ
៥ ដរាប​ណា​ទូលបង្គំ​ពុំ​ទាន់​រក​បាន
កន្លែង​ថ្វាយ​ព្រះអម្ចាស់
ដរាប​ណា​ទូលបង្គំ​ពុំ​ទាន់​រក​បាន
ព្រះដំណាក់​ថ្វាយ​ព្រះ​ដ៏​មាន​ចេស្ដា
របស់​លោក​យ៉ាកុប​ទេ​នោះ!»។
៦ យើង​បាន​ឮ​គេ​និយាយ​ថា
ហិប​នៃ​សម្ពន្ធមេត្រី​ស្ថិត​នៅ​ឯ​ភូមិ​អេប្រាតា
យើង​ក៏​បាន​រក​ឃើញ​ហិប​នេះ​នៅ​តំបន់​យ៉ាអើរ។
៧ ចូរ​យើង​នាំ​គ្នា​ចូល​ទៅ​ក្នុង
ព្រះដំណាក់​របស់​ព្រះអម្ចាស់
ចូរ​យើង​ក្រាប​នៅ​ទៀប​ព្រះបាទា​របស់​ព្រះអង្គ!
៨ ឱ​ព្រះអម្ចាស់​អើយ សូម​ក្រោក​ឡើង
សូម​យាង​មក​ជា​មួយ​ហិប*​នៃ​ឫទ្ធានុភាព
របស់​ព្រះអង្គ ហើយ​គង់​នៅ​ក្នុង​ទី​សំរាក
របស់​ព្រះអង្គ​រហូត​ត​ទៅ។
៩ សូម​អោយ​ពួក​បូជាចារ្យ​របស់​ព្រះអង្គ
ប្រព្រឹត្ត​អំពើ​សុចរិត​ជានិច្ច
ហើយ​អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ
ស្រែក​ហ៊ោ​ឡើង​យ៉ាង​សប្បាយ!
១០ ដោយ​យល់​ដល់​ព្រះបាទ​ដាវីឌ
ជា​អ្នក​បំរើ​របស់​ព្រះអង្គ
សូម​កុំ​បោះ​បង់​ចោល​ស្ដេច​ដែល​ព្រះអង្គ
បាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយ!
១១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​សន្យា​ជា​មួយ
ព្រះបាទ​ដាវីឌ ដោយ​ឥត​ប្រែប្រួល​ថា:
«យើង​នឹង​តែងតាំង​ពូជពង្ស​របស់​អ្នក
អោយ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​អ្នក។
១២ ប្រសិន​បើ​បុត្រ​របស់​អ្នក
កាន់​តាម​សម្ពន្ធមេត្រី​របស់​យើង​តៗ​គ្នា
ហើយ​ប្រតិបត្តិ​តាម​ដំបូន្មាន
ដែល​យើង​ប្រៀនប្រដៅ
ពូជពង្ស​របស់​គេ​ក៏​នឹង​ឡើង​គ្រង​រាជ​សម្បត្តិ
របស់​អ្នក​រហូត​ត​រៀង​ទៅ​ដែរ»។
១៣ ព្រះអម្ចាស់​បាន​ជ្រើស​រើស​ក្រុង​ស៊ីយ៉ូន
ព្រះអង្គ​សព្វ​ព្រះហឫទ័យ​គង់​នៅ​ក្នុង​ក្រុង​នេះ។
១៤ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា
«យើង​នឹង​សំរាក​នៅ​ទី​នេះ​រហូត​ត​ទៅ
យើង​ចង់​រស់​នៅ​ក្នុង​កន្លែង​នេះ​ណាស់!
១៥ យើង​នឹង​អោយ​ពរ​ក្រុង​នេះ​មាន​អ្វីៗ
តាម​តែ​គេ​ត្រូវ​ការ
យើង​នឹង​អោយ​ជន​ក្រីក្រ​ក្នុង​ក្រុង​នេះ
មាន​អាហារ​បរិបូណ៌។
១៦ យើង​នឹង​សង្គ្រោះ​ក្រុង​នេះ
តាម​រយៈ​ពួក​បូជាចារ្យ​របស់​គេ
យើង​នឹង​អោយ​ប្រជាជន​នៅ​ក្រុង​នេះ
ស្រែក​ហ៊ោ​ដោយ​អំណរ។
១៧ នៅ​ទី​នេះ យើង​នឹង​ធ្វើ​អោយ​មាន​ស្ដេច
ប្រកប​ដោយ​ឫទ្ធានុភាព​កើត​ពី
ពូជពង្ស​របស់​ដាវីឌ
យើង​នឹង​រៀបចំ​អោយ​មាន​ស្ដេច
មួយ​អង្គ​ស្នង​រាជ្យ
ជំនួស​ស្ដេច​ដែល​យើង​បាន​ចាក់​ប្រេង​អភិសេក។
១៨ យើង​នឹង​ធ្វើ​អោយ​ខ្មាំង​សត្រូវ​របស់​គេ
ត្រូវ​អាម៉ាស់​មុខ​ជា​ខ្លាំង
តែ​យើង​នឹង​អោយ​រាជ្យ​របស់​គេ
បាន​ថ្កុំថ្កើង​រុងរឿង»។