១៣៩
ព្រះអង្គ​ស្គាល់​ទូលបង្គំ​យ៉ាង​ច្បាស់
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុកតម្កើង​របស់​ស្ដេច​ដាវីឌ។
១ ព្រះអម្ចាស់​អើយ
ព្រះអង្គ​ឈ្វេង​យល់​ដល់
ជំរៅ​ចិត្ត​ទូលបង្គំ
ហើយ​ព្រះអង្គ​ស្គាល់​ទូលបង្គំ​យ៉ាង​ច្បាស់។
២ ព្រះអង្គ​ជ្រាប​ពេល​ណា​ដែល​ទូលបង្គំ​អង្គុយ
ពេល​ណា​ដែល​ទូលបង្គំ​ក្រោក​ឈរ
ព្រះអង្គ​ឈ្វេង​យល់​គំនិត​របស់​ទូលបង្គំ
តាំង​ពី​ចម្ងាយ។
៣ ព្រះអង្គ​ជ្រាប​ពេល​ណា​ដែល​ទូលបង្គំ​ធ្វើ​ការ
ពេល​ណា​ដែល​ទូលបង្គំ​សំរាក
ហើយ​ព្រះអង្គ​ជ្រាប​ច្បាស់​នូវ​អ្វីៗ
ទាំង​អស់​ដែល​ទូលបង្គំ​ប្រព្រឹត្ត។
៤ ព្រះអម្ចាស់​អើយ
ពាក្យ​សំដី​មិន​ទាន់​ចេញ​ពី​មាត់​ទូលបង្គំ​ផង
ព្រះអង្គ​ជ្រាប​សេចក្ដី​ដែល​ទូលបង្គំ​បម្រុង
នឹង​និយាយ​នោះ​រួច​ស្រេច​ទៅ​ហើយ។
៥ ព្រះអង្គ​នៅ​ពី​មុខ​ពី​ក្រោយ​ទូលបង្គំ
ព្រះអង្គ​ការពារ​ទូលបង្គំ
ដោយ​ព្រះបារមី​របស់​ព្រះអង្គ។
៦ ទូលបង្គំ​កោត​ស្ញប់ស្ញែង​ណាស់
ដោយ​ព្រះអង្គ​ស្គាល់​ទូលបង្គំ​ច្បាស់​ដូច្នេះ
គឺ​អស្ចារ្យ​ពេក​ដែល​ទូលបង្គំ
មិន​អាច​យល់​បាន​ឡើយ។
៧ តើ​ទូលបង្គំ​អាច​ទៅ​ណា​ឆ្ងាយ​ពី​ព្រះអង្គ​បាន?
តើ​ទូលបង្គំ​គេច​ចេញ​អោយ​ឆ្ងាយ
ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ​ដូច​ម្ដេច​បាន?
៨ បើ​ទូលបង្គំ​ឡើង​ទៅ​លើ​មេឃ
ព្រះអង្គ​គង់​នៅ​ទី​នោះ
បើ​ទូលបង្គំ​ទៅ​នៅ​ស្ថាន​មនុស្ស​ស្លាប់
ក៏​ព្រះអង្គ​នៅ​ទី​នោះ​ដែរ។
៩ ទោះ​បី​ទូលបង្គំ​ពាក់​ស្លាប​ហោះ
ទៅ​កន្លែង​ព្រះអាទិត្យ​រះ
ឬ​ទោះ​បី​ទូលបង្គំ​ទៅ​រស់​នៅ​ខាង​នាយ​សមុទ្រ​ក្ដី
១០ ក៏​ព្រះអង្គ​គង់​នៅ​ទី​នោះ ដើម្បី​ដឹក​នាំ​ទូលបង្គំ
ហើយ​ជួយ​ទូលបង្គំ
ដោយ​ព្រះបារមី​របស់​ព្រះអង្គ។
១១ ប្រសិន​បើ​ទូលបង្គំ​ពោល​ថា:
«សូម​អោយ​ភាព​ងងឹត​គ្រប​ពី​លើ​ខ្ញុំ
ហើយ​សូម​អោយ​ពន្លឺ​ថ្ងៃ​ដែល​នៅ​ជុំវិញ​ខ្ញុំ
ប្រែ​ទៅ​ជា​យប់​ងងឹត!»។
១២ ក៏​ប៉ុន្តែ ចំពោះ​ព្រះអង្គ​ទោះ​បី​ងងឹត​យ៉ាង​ណា​ក្ដី
ក៏​នៅ​តែ​ភ្លឺ​ដដែល
គឺ​យប់​ភ្លឺ​ដូច​ថ្ងៃ ហើយ​ភាព​ងងឹត​ដូច​ពន្លឺ។
១៣ ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក
ព្រះអង្គ​បាន​បង្កប់​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។
១៤ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ
ដ្បិត​ទូលបង្គំ​ជា​ស្នា​ព្រះហស្ដ​ដ៏​ល្អ​អស្ចារ្យ
ទូលបង្គំ​ដឹង​ច្បាស់​ថា​អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ
សុទ្ធ​តែ​ល្អ​អស្ចារ្យ​ទាំង​អស់។
១៥ នៅ​ពេល​ទូលបង្គំ​កកើត​ឡើង
ក្នុង​ទី​លាក់​កំបាំង គឺ​នៅ​ក្នុង​ផ្ទៃ​មាតា
រូប​កាយ​របស់​ទូលបង្គំ​មិន​បាន​លាក់​កំបាំង
នឹង​ព្រះអង្គ​ទេ។
១៦ កាល​ទូលបង្គំ​មិន​ទាន់​មាន​រូប​រាង​កាយ​នៅ​ឡើយ
ព្រះអង្គ​ទត​ឃើញ​ទូលបង្គំ​រួច​ស្រេច​ទៅ​ហើយ
ព្រះអង្គ​ក៏​បាន​កំណត់​ចំនួន​ថ្ងៃ​នៃ​អាយុ​ជីវិត
របស់​ទូលបង្គំ​ទុក​ក្នុង​បញ្ជី​របស់​ព្រះអង្គ
មុន​នឹង​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។
១៧ ឱ​ព្រះជាម្ចាស់​អើយ
ព្រះតម្រិះ​របស់​ព្រះអង្គ​ជ្រៅ​ជ្រះ​ណាស់
ហើយ​មាន​ច្រើន​ឥត​គណនា​ទៀត​ផង
១៨ ប្រសិន​បើ​ទូលបង្គំ​រាប់ ក៏​រាប់​មិន​អស់​ដែរ
ព្រោះ​មាន​ចំនួន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត
ហើយ​ទោះ​បី​ទូលបង្គំ​អាច​រាប់​ជិត​អស់​ក្ដី
ក៏​ទូលបង្គំ​នៅ​តែ​ពុំ​ទាន់​យល់​ពី​ព្រះអង្គ​ដដែល។
១៩ ឱ​ព្រះជាម្ចាស់​អើយ
ព្រះអង្គ​គួរ​តែ​ប្រហារ​មនុស្ស​ពាល
ហើយ​បណ្ដេញ​ពួក​ឃាតក​ចេញ
អោយ​ឆ្ងាយ​ពី​ទូលបង្គំ។
២០ បច្ចាមិត្ត​របស់​ព្រះអង្គ​នាំ​គ្នា​យក​ព្រះនាម​ព្រះអង្គ
ទៅ​ប្រើ​សំរាប់​បោក​បញ្ឆោត
ហើយ​គេ​និយាយ​ពី​ព្រះអង្គ​ដោយ​ឥត​បាន​ការ។
២១ ឱ​ព្រះអម្ចាស់​អើយ
ទូលបង្គំ​ស្អប់​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ
ទូលបង្គំ​ស្អប់​ខ្ពើម​អស់​អ្នក​ដែល​ឃុបឃិត​ប្រឆាំង
នឹង​ព្រះអង្គ។
២២ ទូលបង្គំ​ស្អប់​អ្នក​ទាំង​នោះ​យ៉ាង​ខ្លាំង​បំផុត
ទូលបង្គំ​ចាត់​ទុក​ពួក​គេ​ជា​ខ្មាំង​សត្រូវ
របស់​ទូលបង្គំ​ផ្ទាល់។
២៣ ឱ​ព្រះជាម្ចាស់​អើយ សូម​ពិនិត្យ​មើល​ទូលបង្គំ
ដើម្បី​អោយ​ស្គាល់​ចិត្ត​ទូលបង្គំ
សូម​ល្បងល​មើល​ទូលបង្គំ
ដើម្បី​អោយ​ជ្រាប​អ្វីៗ​ដែល​ទូលបង្គំ​គិត!
២៤ សូម​ទត​មើល​ទូលបង្គំ​ផង
ប្រសិន​បើ​ឃើញ​ទូលបង្គំ​ដើរ​ខុស​ផ្លូវ
នោះ​សូម​ដឹក​នាំ​ទូលបង្គំ​អោយ​ដើរ​ក្នុង​មាគ៌ា
ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ផង។