១៤០
ពាក្យ​អធិស្ឋាន​របស់​អ្នក​ដែល​ត្រូវ​គេ​មួល​បង្កាច់
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
១ ឱ​ព្រះអម្ចាស់​អើយ
សូម​រំដោះ​ទូលបង្គំ
អោយ​រួច​ពី​មនុស្ស​អាក្រក់
សូម​ការពារ​ទូលបង្គំ​អោយ​ផុត
ពី​មនុស្ស​ឃោរឃៅ។
២ អ្នក​ទាំង​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់
ហើយ​ស្វែង​រក​ជំលោះ​ជា​រៀង​រាល់​ថ្ងៃ!
៣ អណ្ដាត​របស់​គេ​ប្រៀប​បាន​នឹង​ដាវ​ដ៏​មុត
មាត់​របស់​គេ​ពោរពេញ​ទៅ​ដោយ​ពិស ដូច​ពស់​វែក។
- សំរាក
៤ ឱ​ព្រះអម្ចាស់​អើយ សូម​ការពារ​ទូលបង្គំ
កុំ​អោយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ
របស់​មនុស្ស​អាក្រក់!
សូម​ការពារ​ទូលបង្គំ​អោយ​រួច​ផុត​ពី​មនុស្ស
ឃោរឃៅ​ដែល​ឃុបឃិត​គ្នា
ចង់​ផ្ដួល​រំលំ​ទូលបង្គំ!
៥ មនុស្ស​អួតអាង​នាំ​គ្នា​ដាក់​ចម្រូង
និង​បង្កប់​ខ្សែ​ចាំ​ទាក់​ទូលបង្គំ
ពួក​គេ​រាយ​អន្ទាក់​នៅ​តាម​ផ្លូវ
ហើយ​ជីក​រណ្ដៅ​ចាំ​ចាប់​ទូលបង្គំ។
- សំរាក
៦ ខ្ញុំ​ទូល​ព្រះអម្ចាស់​ថា: ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ!
ព្រះអម្ចាស់​អើយ សូម​ផ្ទៀង​ព្រះកាណ៌
ស្ដាប់​ទូលបង្គំ​ទទូច​អង្វរ​ព្រះអង្គ!
៧ ព្រះជាអម្ចាស់​អើយ
ព្រះអង្គ​សង្គ្រោះ​ដោយ​ព្រះចេស្ដា​របស់​ព្រះអង្គ
នៅ​ពេល​ធ្វើ​សឹក​សង្គ្រាម
ព្រះអង្គ​ការពារ​ទូលបង្គំ។
៨ ឱ​ព្រះអម្ចាស់​អើយ
សូម​កុំ​អោយ​ចិត្ត​ប៉ងប្រាថ្នា​របស់​មនុស្ស
អាក្រក់​បាន​សំរេច​ឡើយ
ហើយ​កុំ​បណ្ដោយ​អោយ​ផែន​ការ
របស់​គេ​បាន​ជោគ​ជ័យ​អោយ​សោះ។
- សំរាក
៩ សូម​កុំ​អោយ​អស់​អ្នក​ដែល​ឡោមព័ទ្ធ​ទូលបង្គំ
មាន​ជ័យជំនះ
តែ​អោយ​ពាក្យ​ដែល​ពួក​គេ​ដាក់​បណ្ដាសា​ទូលបង្គំ
បាន​ធ្លាក់​ទៅ​លើ​ពួក​គេ​វិញ!
១០ សូម​អោយ​មាន​រងើក​ភ្លើង​ដ៏​ឆ្អិនឆ្អៅ
ស្រោច​ទៅ​លើ​ពួក​គេ
ហើយ​សូម​ច្រាន​ពួក​គេ​ទំលាក់​ទៅ​ក្នុង​ឡ​ភ្លើង
ដែល​គេ​ពុំ​អាច​ឡើង​មក​វិញ​បាន​ឡើយ។
១១ សូម​កុំ​អោយ​អ្នក​មួល​បង្កាច់​គេ
អាច​នៅ​ស្ថិតស្ថេរ​លើ​ផែនដី​បាន
សូម​អោយ​ទុក្ខ​វេទនា​តាម​យាយី​មនុស្ស​ឃោរឃៅ
ឥត​ឈប់​ឈរ​ឡើយ។
១២ ខ្ញុំ​ដឹង​ថា​ព្រះអម្ចាស់
រក​យុត្តិធម៌​អោយ​មនុស្ស​កំសត់​ទុគ៌ត
ព្រះអង្គ​ការពារ​មនុស្ស​ក្រីក្រ។
១៣ ពិត​មែន​ហើយ មនុស្ស​សុចរិត​នឹង​នាំ​គ្នា​លើក
តម្កើង​ព្រះនាម​របស់​ព្រះអង្គ
ហើយ​មនុស្ស​សុចរិត​នឹង​ឃើញ​ព្រះភក្ត្រ​ព្រះអង្គ។