១៤១
សូម​រក្សា​មាត់​ទូលបង្គំ
ទំនុកតម្កើង​របស់​ស្ដេច​ដាវីឌ។
១ ឱ​ព្រះអម្ចាស់​អើយ
ទូលបង្គំ​សូម​អង្វរ​ព្រះអង្គ
មេត្តា​យាង​មក​ជួយ​ទូលបង្គំ​ជា​ប្រញាប់
ពេល​ទូលបង្គំ​អង្វរ​ព្រះអង្គ
សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ពាក្យ​ទូលបង្គំ​ផង!
២ សូម​អោយ​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ
ឡើង​ទៅ​ដល់​ព្រះអង្គ ដូច​ផ្សែង​គ្រឿង​ក្រអូប
សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ទូលបង្គំ
ដូច​តង្វាយ​នៅ​ពេល​ល្ងាច!
៣ ឱ​ព្រះអម្ចាស់​អើយ សូម​រក្សា​មាត់​ទូលបង្គំ
កុំ​អោយ​ទូលបង្គំ​ពោល​ពាក្យ
អាក្រក់​សោះ​ឡើយ។
៤ សូម​កុំ​បណ្ដោយ​អោយ​ចិត្ត​ទូលបង្គំ
មាន​លំអៀង​ទៅ​រក​អំពើ​អាក្រក់
ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់
រួម​ជា​មួយ​មនុស្ស​ទុច្ចរិត
សូម​កុំ​អោយ​ទូលបង្គំ​ចូល​រួម​ជប់លៀង
ជា​មួយ​ពួក​គេ​ឡើយ។
៥ បើ​មនុស្ស​សុចរិត​វាយ​ប្រដៅ
និង​ស្ដី​បន្ទោស​ទូលបង្គំ​ដោយ​ចិត្ត​ស្មោះ​ត្រង់
ទូលបង្គំ​មិន​ប្រកែក​ទេ
ព្រោះ​ជា​ការ​ល្អ​ចំពោះ​ទូលបង្គំ
ប្រៀប​ដូច​ជា​ទឹក​អប់​ហូរ​លើ​ក្បាល​ទូលបង្គំ។
ក៏​ប៉ុន្តែ ទូលបង្គំ​នៅ​តែ​បន្ត​អធិស្ឋាន
តប​នឹង​អំពើ​ឃោរឃៅ​របស់​មនុស្ស​ទុច្ចរិត។
៦ សូម​អោយ​ចៅក្រម​របស់​ពួក​នោះ
ត្រូវ​គេ​ច្រាន​ទំលាក់​ទៅ​ក្នុង​ក្រហែង​ថ្ម
ហើយ​សូម​អោយ​បច្ចាមិត្ត​ស្ដាប់​សេចក្ដី
ដែល​ទូលបង្គំ​និយាយ​ដោយ​សុទ្ធ​ចិត្ត។
៧ ដី​ប្រេះ​ចេញ​ពី​គ្នា​យ៉ាង​ណា
សូម​អោយ​ស្ថាន​មនុស្ស​ស្លាប់​បើក​ចំហ
លេប​ឆ្អឹង​របស់​គេ​ដែល​នៅ​រាយប៉ាយ
គ្រប់​ទី​កន្លែង​យ៉ាង​នោះ​ដែរ។
៨ ឱ​ព្រះជាអម្ចាស់​អើយ
ទូលបង្គំ​សម្លឹង​ទៅ​រក​ព្រះអង្គ​ជានិច្ច
ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ
សូម​កុំ​បណ្ដោយ​អោយ​ទូលបង្គំ​បាត់​បង់​ជីវិត។
៩ សូម​ការពារ​ទូលបង្គំ​អោយ​រួច​ផុត​ពី​អន្ទាក់
ដែល​គេ​ដាក់​ចាំ​ចាប់​ទូលបង្គំ
សូម​កុំ​អោយ​ទូលបង្គំ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ
របស់​មនុស្ស​ទុច្ចរិត​ឡើយ
១០ តែ​សូម​អោយ​ពួក​គេ​ជាប់​អន្ទាក់
ដែល​ខ្លួន​បាន​ដាក់​នោះ​វិញ!
រីឯ​ទូលបង្គំ ទូលបង្គំ​នឹង​បាន​រួច​ខ្លួន។