១៤៦
ព្រះអម្ចាស់​ការពារ​អ្នក​ទន់​ខ្សោយ
១ ហាលេលូយ៉ា! ខ្ញុំ​សូម​សរសើរ
តម្កើង​ព្រះអម្ចាស់!
២ ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអម្ចាស់​អស់​មួយ​ជីវិត
ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះកិត្តិនាម
ព្រះ​របស់​ខ្ញុំ​ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​រស់​នៅ​ឡើយ។
៣ កុំ​ទុក​ចិត្ត​អ្នក​ធំ
កុំ​ទុក​ចិត្ត​មនុស្ស​លោក​ដែល​ពុំ​អាច​សង្គ្រោះ
នរណា​បាន​ឡើយ
៤ ដ្បិត​ពេល​គេ​ត្រូវ​ផុត​ដង្ហើម
គេ​វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ
ហើយ​គំរោងការ​របស់​គេ
ក៏​នឹង​រលាយ​សូន្យ​នៅ​ថ្ងៃ​នោះ​ដែរ។
៥ អ្នក​ណា​ដែល​ព្រះ​របស់​លោក​យ៉ាកុប​ជួយ​សង្គ្រោះ
ហើយ​អ្នក​ណា​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះអម្ចាស់
ជា​ព្រះ​របស់​ខ្លួន
អ្នក​នោះ​មាន​សុភមង្គល​ហើយ!។
៦ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី
ព្រះអង្គ​បាន​បង្កើត​សមុទ្រ
និង​អ្វីៗ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ
ព្រះអង្គ​តែងតែ​គោរព​តាម​ព្រះបន្ទូល
សន្យា​របស់​ព្រះអង្គ​ជានិច្ច។
៧ ព្រះអង្គ​រក​យុត្តិធម៌​អោយ​អស់​អ្នក
ដែល​ត្រូវ​គេ​សង្កត់សង្កិន
ព្រះអង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នក
ដែល​ស្រេក​ឃ្លាន
ព្រះអម្ចាស់​ដោះ​លែង​អ្នក​ជាប់​ឃុំឃាំង
៨ ព្រះអម្ចាស់​ប្រោស​មនុស្ស​ខ្វាក់​អោយ​មើល​ឃើញ
ព្រះអម្ចាស់​លើក​អ្នក​ដែល​អស់​សង្ឃឹម​អោយ​ងើប​ឡើង​វិញ
ព្រះអម្ចាស់​ស្រឡាញ់​មនុស្ស​សុចរិត
៩ ព្រះអម្ចាស់​ការពារ​ជន​បរទេស
ព្រះអង្គ​ជួយ​គាំទ្រ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ
តែ​ព្រះអង្គ​ធ្វើ​អោយ​គំរោងការ​របស់​មនុស្ស
អាក្រក់​ត្រូវ​រលាយ​សូន្យ។
១០ ព្រះអម្ចាស់​នឹង​គ្រង​រាជ្យ​អស់កល្ប​ជានិច្ច!
ក្រុង​ស៊ីយ៉ូន​អើយ ព្រះ​របស់​អ្នក
នឹង​គ្រង​រាជ្យ​អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ!
ហាលេលូយ៉ា!។