១៤៨
ចូរ​អោយ​អ្វីៗ​ទាំង​អស់​សរសើរ​តម្កើង​ព្រះនាម​ព្រះអម្ចាស់
១ ហាលេលូយ៉ា!
ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់
នៅ​ស្ថាន​បរមសុខ!
អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​អើយ
ចូរ​សរសើរ​តម្កើង​ព្រះអង្គ!
២ ទេវតា​ទាំង​អស់​អើយ
ចូរ​សរសើរ​តម្កើង​ព្រះអង្គ!
ពពួក​ទេវតា​ទាំង​ប៉ុន្មាន​អើយ
ចូរ​សរសើរ​តម្កើង​ព្រះអង្គ!
៣ ព្រះអាទិត្យ និង​ព្រះច័ន្ទ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះអង្គ!
ផ្កាយ​ដ៏​ភ្លឺ​ទាំង​ប៉ុន្មាន​អើយ
ចូរ​សរសើរ​តម្កើង​ព្រះអង្គ!
៤ ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត​អើយ
ចូរ​សរសើរ​តម្កើង​ព្រះអង្គ!
ទឹក​ទាំងឡាយ​ដែល​ស្ថិត​នៅ​ពី​លើ​ផ្ទៃ​មេឃ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះអង្គ!
៥ ចូរ​អោយ​អ្វីៗ​សព្វ​សារពើ​សរសើរ​តម្កើង
ព្រះនាម​ព្រះអម្ចាស់
ដ្បិត​ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល
នោះ​អ្វីៗ​ទាំង​អស់​កើត​មាន​ឡើង។
៦ ព្រះអង្គ​បាន​តាំង​អ្វីៗ​ទាំង​អស់
អោយ​នៅ​ស្ថិតស្ថេរ​ជានិច្ច​រហូត​ត​ទៅ
ព្រះអង្គ​បាន​ដាក់​វិន័យ​មួយ
ដែល​មិន​ប្រែប្រួល​ឡើយ។
៧ ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់​នៅ​លើ​ផែនដី
មហាសាគរ និង​សត្វ​ដ៏​ធំៗ​នៅ​ក្នុង​សមុទ្រ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះអង្គ។
៨ ភ្លើង ព្រឹល ទឹក​កក និង​អ័ព្ទ ព្រម​ទាំង​ខ្យល់​ព្យុះ
ដែល​តែងតែ​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ
៩ ភ្នំ​តូច​ធំ​ទាំងឡាយ ដើម​ឈើ​ដែល​មាន​ផ្លែ
និង​ដើម​គគីរ​ទាំង​ប៉ុន្មាន​អើយ
ចូរ​សរសើរ​តម្កើង​ព្រះអង្គ!
១០ សត្វ​ព្រៃ និង​សត្វ​ស្រុក ព្រម​ទាំង​បក្សាបក្សី
និង​សត្វ​លូន​វារ​ទាំងឡាយ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះអង្គ!
១១ ស្ដេច​ទាំងឡាយ​នៅ​ផែនដី​ព្រម​ទាំង​ប្រជារាស្ត្រ
អ្នក​ដឹក​នាំ និង​អ្នក​គ្រប់គ្រង​ទាំង​ប៉ុន្មាន​នៅ​ផែនដី
ចូរ​សរសើរ​តម្កើង​ព្រះអង្គ!
១២ យុវជន និង​យុវនារី
មនុស្ស​ចាស់​ជរា និង​កូន​ក្មេង
ចូរ​សរសើរ​តម្កើង​ព្រះអង្គ!
១៣ ចូរ​អោយ​ទាំង​អស់​គ្នា​សរសើរ​តម្កើង
ព្រះនាម​ព្រះអម្ចាស់
ដ្បិត​មាន​តែ​ព្រះនាម​ព្រះអង្គ​ប៉ុណ្ណោះ
ដែល​ឧត្ដម​ប្រសើរ​លើស​គេ
ព្រះអង្គ​សំដែង​ភាព​ថ្កុំថ្កើង​រុងរឿង
ពាសពេញ​លើ​ផែនដី និង​ផ្ទៃ​មេឃ។
១៤ ព្រះអង្គ​ប្រោស​ប្រទាន​អោយ​ប្រជារាស្ត្រ
របស់​ព្រះអង្គ​មាន​កម្លាំង​ឡើង​វិញ
ហើយ​ធ្វើ​អោយ​អស់​អ្នក
ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ
គឺ​ប្រជារាស្ត្រ​អ៊ីស្រាអែល​ទាំង​មូល
ដែល​ស្និទ្ធស្នាល​នឹង​ព្រះអង្គ​បាន​ខ្ពស់​មុខ​ឡើង!
ហាលេលូយ៉ា!