
ពេលយើងស្គាល់ព្រះជាម្ចាស់ ពិភពលោកបែរជាមានតម្លៃ និងមានខ្លឹមសារពិសេសសម្រាប់យើងទាំងអស់គ្នា។ សតិអារម្មណ៍ របស់យើងបានភ្លឺស្វាង ដោយដឹងថាព្រះជាម្ចាស់បានបង្កើតពិភពលោក ហើយប្រទានសោភណភាពដ៏ល្អប្រណីតដល់ធម្មជាតិទាំងអស់ ដើម្បីឲ្យចិត្តយើងបានរីករាយរួមជាមួយព្រះអង្គ។ ពេលយើងរំពៃមើលធម្មជាតិ នោះពាក្យអរព្រះគុណ និងសរសើរតម្កើងតែងតែផុសចេញពីជម្រៅដួងចិត្តរបស់យើង។ លើសពីនោះ ព្រះគម្ពីរណែនាំយើងឲ្យដឹងថា ព្រះជាម្ចាស់ប្រទានផែនដីមកឲ្យយើងគ្រប់គ្រងថែរក្សា ។ ដោយដឹងថាផែនដីជាស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះបិតានៃយើង ក្នុងនាមយើងជាបុត្រធីតារបស់ព្រះអង្គ យើងត្រូវមានចិត្តឆេះឆួលក្នុងការជួយថែរក្សាបរិដ្ឋាន ព្រមទាំងការពារមិនឲ្យអ្វីមួយមកបំពុលធម្មជាតិ បំពុលផែនដី ដែលជាព្រះអំណោយទាន និងជាកេរមត៌ករបស់ព្រះបិតា។