១១០
ព្រះករុណា​ជា​បូជាចារ្យ​អស់កល្ប​ត​រៀង​ទៅ
ទំនុកតម្កើង​ពី​សៀវភៅ​របស់​ស្ដេច​ដាវីឌ។
១ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល
មក​កាន់​ព្រះរាជា
ជា​ព្រះអម្ចាស់​របស់​ខ្ញុំ​ដូច​ត​ទៅ​នេះ៖
«សូម​គង់​នៅ​ខាង​ស្ដាំ​យើង
ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ
មក​ដាក់​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ!»។
២ សូម​ព្រះជាអម្ចាស់​ប្រោស​ប្រទាន​អោយ​រាជ្យ
របស់​ព្រះករុណា
លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ!
សូម​ព្រះករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំវិញ!
៣ នៅ​ថ្ងៃ​ព្រះករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង
ប្រជារាស្ត្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត
ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះករុណា
នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ
ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។
៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​សន្យា
ដោយ​ឥត​ប្រែប្រួល​ថា:
«ព្រះអង្គ​ជា​បូជាចារ្យ​អស់កល្ប​ត​រៀង​ទៅ
តាម​របៀប​ស្ដេច​ម៉ិលគីស្សាដែក»។
៥ ព្រះអម្ចាស់​គង់​នៅ​ខាង​ស្ដាំ​ព្រះករុណា
នៅ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ព្រះពិរោធ
ព្រះអង្គ​កំទេច​ស្ដេច​នានា។
៦ ព្រះអង្គ​វិនិច្ឆ័យ​ទោស​ប្រជាជាតិ​ទាំងឡាយ
ព្រះអង្គ​ទុក​សាកសព​របស់​គេ
អោយ​នៅ​ពាសពេញ​គ្រប់​ទី​កន្លែង
ហើយ​ព្រះអង្គ​កំទេច​មេ​ដឹក​នាំ​របស់​គេ​នៅ
ទួទាំង​ប្រទេស។
៧ នៅ​តាម​ផ្លូវ​ព្រះរាជា​សោយ​ទឹក​ជ្រោះ
រួច​ហើយ​ព្រះអង្គ​ងើប​ព្រះភក្ត្រ
ប្រកប​ដោយ​ជោគជ័យ។